(ភ្នំពេញ)៖ តារាចម្រៀងប្រុស ត្រកូលម៉េង លោក ម៉េង ប៊ុនលី ដែលត្រូវបានគេស្គាល់ថា ធ្លាប់ជាតារាចម្រៀង មានឈ្មោះល្បីល្បាញ ក្នុងផលិតកម្ម អេសអេសប៊ី របស់អ្នកនាង គង់ សុជាតិ និងផលិតកម្ម អេប៊ីវន របស់លោក ហ្វៃ សំអាង បន្ទាប់ពីផលិតកម្មទាំងអស់នោះបិទទ្វារ លោកក៏បាត់ប្រជាប្រិយភាព រហូតយុវវ័យជំនាន់ថ្មី ស្ទើរតែមិនដឹងថា លោកធ្លាប់ជាតារាចម្រៀង ពីមុនមកនោះទេ។ អ្វីដែលជាការចាប់អារម្មណ៍ថ្មី របស់មហាជន ទៅលើតារាចម្រៀង ម៉េង ប៊ុនលី គឺកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះ លោក បានសម្រេចចិត្តលាចាកសិក្ខាបទ ពីភិក្ខុសង្ឃ មកជាគ្រហស្ថធម្មតាវិញ បន្ទាប់ពីសាងភ្នួសអស់រយៈពេលជាច្រើនខែ ។
លោក ម៉េង ប៊ុនលី បានចាកចេញទៅសម្ដែងនៅក្រៅប្រទេស ញឹកញាប់គួរសម រួមមាន បារាំង កាណាដា និង អូស្ត្រាលី សហរដ្ឋអាមេរិក ជាដើម ទោះបីលោកមិនមាន បទចម្រៀងច្រៀងដូចគេ ប៉ុន្តែបងប្អូននៅក្រៅប្រទេស នៅតែចងចាំរូបលោក ។ ដូចនេះទើបលោក ម៉េង ប៊ុនលី នៅតែមានឱកាសបង្ហាញមុខ នៅក្រៅប្រទេស ជាហូរហែ។
ក្រោយពីឡើងចុះៗ ក្រៅប្រទេសញឹកញាប់ ស្រាប់តែលោក ម៉េង ប៊ុនលី បានសាងភ្នួស ក្នុងអារ៉ាមមួយ ហើយបានកសាងសមទ្ធិផលជាច្រើន ក្នុងអារ៉ាម និង បងប្អូនអ្នកធ្លាប់ស្រឡាញ់ចូលចិត្ត ក៏បានចូលជាថវិកាជាច្រើន ដើម្បីជាកុសលផលបុណ្យទាំងអស់គ្នា ។ ពិសេសលោក ម៉េង ប៊ុនលី បានធ្វើជាគំរូដ៏ល្អ សម្រាប់អ្នកសិល្បៈប្រុសៗ ព្រោះអ្នកសិល្បៈប្រុសៗខ្លះ នាំគ្នា ផឹកស្រា ឡើងដុះក្បាលពោះ មិនបាននាំគ្នាជួយសង្គមឡើយ ពិសេសគិតតែប្រជែងគ្នា យកមុខយកមាត់ប៉ុណ្ណោះ ។
លោក ម៉េង ប៊ុនលី ក៏បានលាចាកសិក្ខាបទរួចរាល់ដែរ កាលពីម្សិលមិញ ហើយលោកក៏បានចុះទៅតាមតំបន់ ស័ក្តិសក្តិនានា ដូចជាព្រះអង្គ អង្គរតូច និង ព្រះអង្គចេក ព្រះអង្គចម ជាដើម ។
អន្ទិត ម៉េង ប៊ុនលី បាននិយាយប្រាប់ Khmertalking ថា លោកបានលាចាកសិក្ខបទហើយ លោកនឹងបម្រើការងារសិល្បៈដូចធម្មតាវិញ ហើយមួយរយៈដែលលោក បានបានចូលបម្រើក្នុងព្រះពុទ្ធសាសនា លោកមានអារម្មណ៍ថា ជ្រះថ្លា និងស្ងប់ស្ងាត់សុខល្អណាស់។ ម្យ៉ាងការសាងផ្នួស ជាការតបស្នងសងគុណ មាតាបិតា បន្ថែមលើការយកចិត្តទុកដាក់ មើលថែរលោកអ្នកមានគុណ ៕









ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង