(ភ្នំពេញ)៖ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត និងអតីតម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក Cambodian Idol លោក នី រតនា កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ បាននាំយកថវិកាសប្បុរជន ចំនួន១៥,០០០ដុល្លារ ទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យជួយព្យាបាលកុមារ ក្រីក្រធំជាងគេ នៅក្នុងប្រទេសកម្ពុជា។
បើតាមការឲ្យដឹង ពីតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងលោក នី រតនា បាននិយាយថា ថវិកាចំនួន ១៥,០០០ដុល្លារ ដែលពួកលោក បាននាំយកទៅប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផានេះ គឺជាថវិកា ដែលបានមកពីការរ៉ៃអង្គាស ពីបងប្អូនខ្មែររស់នៅប្រទេសកូរ៉េ អំឡុងពេលចេញទៅច្រៀង និងសម្តែងនៅទីនោះ កាលពីពេលថ្មីៗកន្លងមកនេះ។
តារាចម្រៀងចំណូលថ្មី របស់ផលិតកម្មហង្សមាស លោក នី រតនា បាននិយាយទៀតថា «ថ្ងៃនេះខ្ញុំ ក៏ដូចជាបងៗ ដែលបានទៅសម្ដែងនៅឯប្រទេសកូរ៉េ កាលពីប៉ុន្មានថ្ងៃមុននោះ រួមនឹងក្រុមហ៊ុន ធារ៉ា ប៊ីយូធី បានពាំនាំនូវថវិកាបន្តិចបន្តួច យកមកជូនដល់មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជួយទៅដល់ ប្អូនៗកុមារ ដែលកំពុងតែមានជំងឺ ក៏ដូចជាខ្វះខាតនូវថវិកាខ្លះៗ ហើយថ្ងៃនេះដែរ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន ដែលខ្ញុំបានចូលរួមចំណែក ជួយដល់មន្ទីរពេទ្យ ក៏ដូចជាបានជួយទៅដល់សង្គមផងដែរ!»។
សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យធំជាងគេ នៅប្រទេសកម្ពុជា ដែលមានគោលការណ៍មនុស្សធម៌ ផ្តោតសំខាន់លើការព្យាបាល និងសេវាសុខភាព ដោយឥតគិតថ្លៃសម្រាប់កុមារនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោមជំនួយថវិកា ពីរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលប្រទេសស្វីស ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ មន្ទីពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ និងជាកន្លែងផ្តល់ក្តីសង្ឃឹម ដល់កុមារនៅប្រទេសកម្ពុជា ជាពិសេសកុមារក្រីក្ររាប់ម៉ឺននាក់ ដែលឪពុកម្តាយពួកគេទាំងនោះ ខ្វះលទ្ធភាព ដើម្បីស្វែងរកសេវាព្យាបាលជំងឺដល់កូនៗ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង