ភ្នំពេញ៖ ដើម្បីជួយថែរក្សា នូវសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរទូទៅ ឲ្យមានសុខភាពល្អ និងរស់ នៅប្រកបដោយភាព សុខសាន្តនោះ មណ្ឌលកម្សាន្តម្លប់មៀន បានចាប់ផ្តើមដំណើរ ការបំរើអតិថិជន ហើយ ចាប់ពីថ្ងៃនេះតទៅ។
ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងកម្មវិធីសម្ពោធដាក់ ឲ្យដំណើរការបំរើអតិថិជន នៅមណ្ឌល កម្សាន្តម្លប់មៀន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ លោក ខាត់ សារ៉េន នាយកគ្រប់គ្រងទូទៅ នៃមណ្ឌលកម្សាន្តម្លប់មៀន បានឲ្យដឹងថា បង្កើតនូវមណ្ឌលនេះឡើង ដើម្បីតម្រូវការដល់អតិថិជន ដែលស្រឡាញ់សុខភាព វិស័យកីឡា ក៏ដូចជាវិស័យភោជនីយដ្ឋាន ដូច្នេះហើយ បានជាយើងបង្កើតវាឡើង។
លោកថា “សេវាកម្មរបស់យើង គឺមានកន្លែងហាត់កីឡា, ស្ទីមសោណា ត្រាំទឹកក្តៅត្រជាក់, មានម៉ាស្សា មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានភោជនីយដ្ឋាន នេះគឺ ជាចំណុចមួយដើម្បីបម្រើដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់សេវាកម្មទាំងអស់នេះ”។
ជាមួយគ្នានោះដែរ លោក ខាត់ សារ៉េន ក៏មានសុទិដ្ឋិនិយមថា មិនមានការភ័យខ្លាចនឹងមានអ្នកផ្សេងបើកនូវមណ្ឌលកម្សាន្តផ្សេងៗទៀតទេ មិនត្រឹមតែប៉ុណ្ណោះ គឺមានការសប្បាយរីករាយថែមទៀតផង ពីព្រោះ បើមានអ្នកផ្សេងបើកថែមទៀត មានន័យថា គឺពួកគាត់បានជួយដល់សុខភាពរបស់បងប្អូនប្រជាពរដ្ឋខ្មែរយើង ឲ្យមានសុខភាពល្អ ដូចមណ្ឌលកម្សាន្តយើងដែរហើយ។
សូមបញ្ជាក់ថា មណ្ឌលកម្សាន្តម្លប់មៀន មានទីតាំងនៅក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មិនត្រឹមតែមានកន្លែងហាត់កីឡា ម៉ាស្សា ជាដើមនោះទេ គឺថែមទាំងមានកន្លែងហែលទឹកសម្រាប់មនុស្សកុមារ និងមនុស្សពេញវ័យ អាចទៅហែលកម្សាន្ត និងលេងកីឡានៅទីនោះ បានយ៉ាងសប្បាយ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានទីកន្លែងធំទូលាយ មានផាសុខភាព និងមានកន្លែងដាក់ឡាន ម៉ូតូ យ៉ាងធំទូលាយ និងមានសុវត្ថិភាពទៀតផង៕
ផ្ដល់សិទ្ធិដោយ ៖ ដើមអម្ពិល