CamNews

ព័ត៌មានជាតិ 

ខេត្តស្វាយរៀង៖ មហាជនបានឆ្ងល់ ចំពោះពាក្យ «ទន្លេវ៉ៃគោ និង ទន្លេវ៉ៃកូ»នៅខេត្តស្វាយរៀង

ភ្នំពេញ ៖ ពាក្យ «ទន្លេវ៉ៃគោ និង ទន្លេវ៉ៃកូ» គឺជាឈ្មោះដែលសម្គាល់ ទៅលើទន្លេមួយ នៅខេត្តស្វាយរៀង ស្ថិតនៅទីរួម ខេត្តស្វាយរៀងតែម្តង។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន អ្នកដំណើរ ក៏ដូចភ្ញៀវទេសចរណ៍ ជជែកគ្នា ឬភ្នាល់គ្នា ចំពោះពាក្យ «វ៉ៃគោ» និង «វ៉ៃកូ»ថាតើពាក្យមួយណាជាពាក្យត្រឹមត្រូវ?

មហាជនអ្នកដំណើរ ក៏ដូចភ្ញៀវទេសចរណ៍ អាចមើលឃើញពាក្យ «វ៉ៃគោ»នៅសណ្ឋាគារមួយ នៅទីរួមខេត្ត ស្វាយរៀង (ក្រុងស្វាយរៀង) ដែលបានដាក់ឈ្មោះថា សណ្ឋាគារវ៉ៃគោ (WAIKOR HOTEL) និងភោជនីយដ្ឋាន មួយនៅជាប់នឹងសណ្ឋាគារវ៉ៃគោ នេះតែម្តង ។ ចំណែកពាក្យ «វ៉ៃកូ» គេឃើញនៅលើស្លាកសញ្ញា មួយជាផ្ទាំងថ្ម ដែលស្ថិតនៅជាប់ច្រាំងទន្លេ ដោយបានចារថា «តំបន់អភិរក្សត្រីមេពូជទន្លេវ៉ៃកូ (ហាមចាប់ត្រីតំបន់អភិរក្ស) ដែលស្លាកនេះធ្វើឡើងក្រោមកិច្ចសហការរវាងខណ្ឌរដ្ឋបាលជលផល និងអង្គការសន្តិសេនា»។

ដូច្នេះ ពាក្យ «វ៉ៃ»ដូចគ្នា តែខុសគ្នាត្រង់ពាក្យ «គោ» និង «កូ»។អាស្រ័យហេតុនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង គួរកំណត់យកពាក្យណាមួយដែលត្រឹមត្រូវ និងមាន អត្ថន័យសមស្របទៅនឹងហេតុការណ៍កើតឡើងនៅតំបន់ទន្លេមួយនេះ ដើម្បីកុំឲ្យមហាជនអ្នកដំណើរ ក៏ដូចភ្ញៀវ ទេសចរណ៍ មានការងឿងឆ្ងល់ ឬជជែកភ្នាល់គ្នា ចំពោះពាក្យ «ទន្លេវ៉ៃគោ និង ទន្លេ វ៉ៃកូ» នេះតទៅទៀត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP