ភ្នំពេញ៖ បន្ទាប់ពីការតវ៉ាអស់រយៈពេល៤ថ្ងៃមកហើយ គ្មានដំណោះស្រាយពីថៅកែរោងចក្រនោះ នៅព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៤នេះ បានសម្រេចនាំគ្នាដើរក្បួនមកស្វែងរកកិច្ចអន្តរាគមន៍នៅក្រសួងការងារ និង បណ្តុះប ណ្តាលវិជ្ជាជីវៈ។
លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ (WFUF) បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា នៅព្រឹកថ្ងៃនេះក្រុមកម្មករគ្រោងនាំគ្នាតវ៉ាបិទផ្លូវនៅម្តុំរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល តែត្រូវ បានអាជ្ញាធរ និងសមត្ថកិច្ចរារាំង ដូច្នេះពួកគេក៏សម្រេចចិត្តដើរដង្ហែក្បួនមកកាន់ក្រសួងការងារ ដើម្បីស្វែងរក កិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង។
សូមបញ្ជាក់ថា កម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រនូវខប ស្ថិតក្នុងឃុំលំហាត ស្រុកអង្គស្នួល ខេត្តកណ្តា ល ជាង ១.៨០០នាក់ បាននាំគ្នាធ្វើកូដកម្មតវ៉ាមិនចូលបម្រើការងារតាំងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីទាម ទារឲ្យថៅកែគោរពច្បាប់ការងារ និងបញ្ឈប់ការរំលោភសិទ្ធិកម្មករ ព្រមទាំងទាមទារលក្ខខណ្ឌការងារមួយចំនួន ទៀត។
ការធ្វើកូដកម្មនេះ ក្រុមកម្មករបាននាំគ្នាបិទផ្លូវជាតិលេខ៤ ផងដែរ។ កាលពីថ្ងៃទី០៤ ខែធ្នូ កន្លងទៅនេះ វិវាទ ការងាររវាងថៅកែ និងក្រុមកម្មកររោងចក្រនូវខប បានឈានដល់ដំណាក់កាលប្រទូស្តរាយដាក់គ្នាទៅវិញទៅ មក ដោយការគប់ដុំថ្មពីខាងក្នុងរោងចក្រ ចេញមកក្រៅ និងពីខាងក្រៅគប់ទៅក្នុងវិញ។
លោក សៀង សម្បត្តិ បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ ចុះមកអន្តរាគមន៍ដល់ពួកកម្មករ ព្រោះធ្វើកូដកម្មអស់រយៈ ពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលល្អឡើយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល