ភ្នំពេញ ៖ ជនល្មើសម្នាក់ បានប្រើកាំបិត ប៉័ងតោ អារកនិងកាប់ដៃមន្ដ្រីនគរបាលប៉ុស្ដិ៍ បឹងសាឡាង ខណៈដែលជននេះ ត្រូវបាននគរ បាលពីរនាក់ ចាប់ខ្លួន ហើយដឹកតាមម៉ូតូ យកទៅកាន់ប៉ុស្ដិ៍រដ្ឋបាល ពាក់ព័ន្ធការកាន់ កាំបិតដើរច្រង៉េងច្រង៉ាង ពេញដងផ្លូវ ក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៥នេះ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងថា នៅពេលឃើញជននេះ ដៃកាន់កាំបិតប៉័ងតោ ដើរតាមដងផ្លូវនោះ ប្រជាពលរដ្ឋ បានរាយការណ៍ទៅនគរបាលប៉ុស្ដិ៍រួចនគរបាលពីរនាក់បានចុះមកអន្ដរាគមន៍ភ្លាមៗ ដោយលួងលោម ឱ្យប្រគល់កាំបិត តែជននេះ មិនព្រមប្រគល់ សុខជិះម៉ូតូជាមួយសមត្ថកិច្ច ទាំងដៃកាន់កាំបិត យកទៅកាន់ប៉ុស្ដិ៍នគរបាល ដោយជនសង្ស័យអង្គុយកណ្ដាល ។
ពេលកំពុងជិះម៉ូតូ ជនល្មើសបានយកកាំបិតកាន់នឹងដៃ ទៅអារកមន្ដ្រីនគរបាលជាអ្នកបើកម៉ូតូរួចកាប់ទៅលើម្រាមដៃ បណ្ដាលឱ្យរងរបួស បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
មន្ដ្រីនគរបាលដែលរងរបួសនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សី រីឯជនល្មើសឈ្មោះសុគន្ធា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានចាប់វ៉ៃខ្នោះ នៅកន្លែងប៉ុស្ដិ៍នគរបាល ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល