ភ្នំពេញ៖ មន្រ្តីសាលាដំបូង រាជធានីភ្នំពេញម្នាក់ សុំមិនបញ្ចេញឈ្មោះ បានទម្លាយ ប្រាប់ឱ្យដឹងថា លោកស្រី តាំង គីមឆេង ភរិយាលោកឧកញ៉ា អ៊ឹង ម៉េងជឺ បានប្រាប់តុលាការថា ប្តីរបស់ខ្លួន ធ្លាប់មានទំនាស់ពាក្យ សម្តី យ៉ាងខ្លាំងក្លា ជាមួយនឹងឧកញ៉ាម្នាក់ មុនពេលករណីបាញ់ ប្រហារ សម្លាប់ ប្តីរបស់គាត់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
មន្រ្តីតុលាការ រូបនោះ បានបន្តបញ្ជាក់ទៀតថា ការទម្លាយប្រាប់ពី សំណាក់ភរិយា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ខាងលើនេះ បានធ្វើឡើង ខណៈដែលមន្រ្តី សាលាដំបូង រាជធានីភ្នំពេញ បានកោះអញ្ជើញលោកស្រី តាំង គីមឆេង ភរិយារបស់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងមេធាវី មកសាកសួរព័ត៌មាន ជាថ្មីម្តងទៀត នៅវេលាម៉ោង ប្រមាណ១៤៖០០នាទី រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះ។
ប្រភពព័ត៌មាន ពីមន្រ្តីតុលាការ ដែលសុំមិន បញ្ចេញឈ្មោះ បានបញ្ជាក់ តាមចម្លើយរបស់ លោកស្រី តាំង គឹមឆេងថា «ទំនាស់ពាក្យសម្តីនេះ បានធ្វើឡើង ក្រោយពេលដែលឧកញ៉ាម្នាក់នោះ បានចេញសែកស្អុយ ជាបន្តបន្ទាប់ ដែលមានទឹកប្រាក់ សរុបរហូត ដល់ជិត ៥លានដុល្លារ មកឱ្យក្រុមហ៊ុន របស់លោកឧកញ៉ា អ៊ឹង ម៉េងជឺ»។
សូមជំរាបថា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងតិ៍ និងហាង លក់មាស-ពេជ្រ ហុងកុង ត្រូវបានឃាតក បាញ់សម្លាប់ កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅជិតហាងលក់ផ្លែឈើមួយកន្លែង ខាងលិច ស្តាតអូឡាំពិក សង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល