ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំង កងរាជអាវុធហត្ថនៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំម្នាក់ បាននៅចំណុចស្ថានីយប្រេងតេឡា តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងក្រុមទី៨ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ ។
មេបញ្ជាការអាវុធហត្ថ ខេត្តព្រៃវែង លោកឧត្តម សេនីយ៍ ម៉ែន ស៊ីប៊ន បានឲ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀន ដែលឃាត់ខ្លួននេះ ឈ្មោះ យឿន រី ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា មុនឈានដល់ការចុះបង្ក្រាបជនសង្ស័យរូបនេះ កម្លាំងអាវុធហត្ថរបស់លោក បាននាំខ្លួនជនសង្ស័យជាមុខសញ្ញា គ្រឿងញៀនម្នាក់ ឈ្មោះ ម៉ោ សីថា ភេទស្រី អាយុ ៤៧ឆ្នាំ ស់នៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលត្រូវចាប់ខ្លួននៅសណ្ឋាគារអង្គរធំ ភូមិលេខ3 សង្កាត់កំពង់លាវ ក្រុងព្រៃវែង មកធ្វើការសហការចូលរួមជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីបន្តចាប់ខ្លួនមុខសញ្ញាគ្រឿងញៀន ឈ្មោះ យឿន រី ដែលជាបក្ខពួក និងជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំ ។
ទើបមកទល់វេលា ល្ងាចថ្ងៃទី០៦ ខែឆ្នាំ ដដែលនោះ ដោយមានការចង្អុលបង្ហាញពី មុខសញ្ញាគ្រឿងញៀន ដែលនាំមកពីខេត្តព្រៃវែងនោះ កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួន ឈ្មោះ យឿន រី បានជាក់ស្តែងនៅចំណុចស្ថានីយប្រេងតេឡា ខណៈជនសង្ស័យត្រៀមធ្វើសកម្មភាពចែកចាយបន្ត ។
ក្រោយការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងអាវុធហត្ថបានឆែកឆេររកឃើញ ថ្នាំញៀនក្រាម សថ្លា ( ម៉ាទឹកក ) ចំនួន ០៧កញ្ចប់ធំ ដោយក្នុងនោះ ៥កញ្ចប់ធំចាប់បាននៅភ្នំពេញ និង២កញ្ចប់ធំទៀត ត្រូវកម្លាំងអាវុធហត្ថ ចាប់បាននៅខេត្តព្រៃវែង, ជញ្ជីងថ្លឹង ០១គ្រឿង , លុយដុល្លារចំនួន ៣១៥ដុល្លារ , ម៉ូតូសង់ឌ្រីមសេ ១២៥មួយគ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត ។ ភ្លាមៗជនសង្ស័យត្រូវបាន បញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនាំបន្ត ។
មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ក្រោយការសាកសួរយ៉ាងល្អិតល្អន់រួចមក ជនសង្ស័យបានឆ្លើយប្រាប់ថា រូបគេនៅមានបក្ខពួកជាច្រើននាក់ទៀត ទើបនៅវេលាយប់ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចអាវុធហត្ថ បានបន្តប្រតិបត្តិការ តាមប្រមាញ់មុខសញ្ញាគ្រឿងញៀនទាំងនោះបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល