ភ្នំពេញ ៖ ក្មេងស្ទាវម្នាក់ ត្រូវបានក្រុម ក្មេងស្ទាវម្ខាងទៀត មានគ្នាច្រើននាក់យកដុំ ថ្មដេញគប់និងកាន់ដាវសាំម៉ូរ៉ៃ ដេញកាប់ យ៉ាង អនាធិបតេយ្យនៅក្នុងបរិវេណមជ្ឈមណ្ឌល កំសាន្ដកោះពេជ្រ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ បង្ខំឱ្យជនរង គ្រោះផ្ដួល ម៉ូតូ រួចរត់យកព្រះអាយូសមួយរយៈសិន។ ប៉ុន្ដែជនបង្កពីរនាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ទន្លេបាសាក់ ខណ្ឌចំការមន ពេលចុះ ល្បាតនៅទីនោះជួយអន្ដរាគមន៍ទាន់ពេល វេលា ក៏ឈានទៅដល់ការឃាត់ខ្លួនជាបន្ដ បន្ទាប់បញ្ជូន ទៅកាន់អធិការដ្ឋានខណ្ឌ ដើម្បី ចាត់វិធានការតាមនីតិវិធី ។
យោងតាមរបាយការណ៍របស់នគរបាល ប៉ុស្ដិ៍ទន្លេសាបាក់ បានឱ្យដឹងថា ជនសង្ស័យ ទី១ ឈ្មោះភួង សម្ផស្ស អាយុ១៨ឆ្នាំ រស់ នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិរលួស សង្កាត់ ជើងឯក ខណ្ឌដង្កោ មុខរបរកម្មកររោងចក្រ និងទី២ ឈ្មោះង៉ែត សុខឿន អាយុ ១៦ឆ្នាំ រស់នៅផ្ទះលេខ២៦Bz ផ្លូវលេខ១៩៨៦ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជា សិស្ស ។ ដោយឡែកជនរង គ្រោះវិញ មាន ឈ្មោះស៊ឹម សុមុនី អាយុ១៧ឆ្នាំ រស់នៅ ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរជាង ជួស ជុលទូរស័ព្ទ ប៉ុន្ដែជនរងគ្រោះមិនមានរង របួសនោះឡើយ ពោលគ្រាន់តែខ្ទេចម៉ូតូ ម៉ាក MSX ពណ៌សលាយ ខ្មៅស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ ក្រោយពីក្រុមជនបង្ក កាប់ប្រហារបណ្ដាលឱ្យខូចខាត ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ ទៀតថា មុនពេលកើតហេតុ ពោលនៅវេលា ម៉ោង៥និង១០នាទី ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ ឯងគោលបំណងទៅលេងកោះពេជ្រ ពេល នោះជួបស្រីម្នាក់ ដែលស្គាល់ គ្នាតាមរយៈ ហ្វេសប៊ុក កំពុងឈប់ម៉ូតូនៅអគាររោងកុន កោះពេជ្រ រួចខ្លួនក៏បានឈប់ម៉ូតូចូលទៅជួប ស្រីម្នាក់នោះ សុំលុយ២០០០រៀលចាក់សាំង តែនាងឱ្យ១៥០០រៀល រួចជនរងគ្រោះក៏ជិះ ម៉ូតូចេញទៅ ។ លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវបានក្រុមក្មេងស្ទាវមួយក្រុម ប្រដាប់ ដោយដុំថ្ម នាំគ្នាគប់ទៅលើជនរងគ្រោះតែ មិនត្រូវ បណ្ដាលឱ្យជនរងគ្រោះបើកម៉ូតូ លឿនទៅបុក ម៉ូតូអ្នកដំណើរមួយគ្រឿងទៀត បណ្ដាលឱ្យដួល ។ ភ្លាមៗនោះជនសង្ស័យ ម្នាក់បានកាន់ដាវសាំម៉ូរ៉ៃ រត់មក ដេញកាប់ ប៉ុន្ដែជនរងគ្រោះឃើញទាន់ក៏ផ្ដួលម៉ូតូរត់ ស្រែកឱ្យគេជួយ គាប់ជួនកម្លាំងនគរបាល កំពុងល្បាតក៏ឃាត់ខ្លួនបានម្នាក់ និងដកហូត ម៉ូតូពីរគ្រឿង ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបាននាំជន សង្ស័យម្នាក់នេះមកកាន់ ប៉ុស្ដិ៍នគរបាលទន្លេ បាសាក់ធ្វើការ សួរនាំ ស្វែងរកបក្ខ ពួកហើយ ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ទៀត ចាប់បញ្ជូនទៅកាន់ អធិការដ្ឋាននគរ បាលខណ្ឌចំការមន ដោយចោទប្រកាន់ពីបទ ហិង្សាដោយចេតនា និងវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិអ្នកដទៃ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល