ភ្នំពេញ ៖ វិវាទការងារ រវាងថៅកែ និងក្រុមកម្មកររោងចក្រ នូវ ខប ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល បានឈាន ដល់ដំណាក់កាល ប្រទូស្តរាយដាក់គ្នា ទៅវិញទៅមក ដោយការគប់ដុំថ្មពីខាងក្នុងរោងចក្រ ចេញមកក្រៅ និងពីខាង ក្រៅគប់ទៅក្នុងវិញ។
លោក សៀង សម្បត្តិ ប្រធានសហព័ន្ធ សហជីពមិត្តភាពកម្មករ (WFUF) បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ថា អាជ្ញាធរមានសមត្ថកិច្ច ប្រចាំស្រុកអង្គស្នួលបានសន្យាថា នឹង មកចរចាដោះស្រាយបញ្ហានានា ឲ្យកម្មករពីចន្លោះម៉ោង ៩-១០ព្រឹក នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ ប៉ុន្តែរហូតមកដល់ពេល វេលាកំណត់ហើយ នៅតែមិនឃើញមានសមត្ថកិច្ចរូបណាម្នាក់ ចេញមកដោះស្រាយឡើយ ដែលជាហេតុធ្វើឲ្យកម្មករ មានការក្តៅក្រហាយជាខ្លាំង ។
ក្នុងគ្រាដែលមិនទាន់ឃើញ សមត្ថកិច្ចណាមកនោះ ខាងកម្មករក៏បានចាក់ធុងបាស់ ដើម្បីបំពងសំឡេង នៅមុខរោង ចក្រ ពេលនោះនៅខាងក្នុងរោងចក្រ ក៏បានចាក់មេក្រូស្រែកដាក់មកក្រុមកម្មករ មួយសន្ទុះក្រោយមក អ្នកដែល នៅខាងក្នុង ក៏បានយកដុំថ្មគប់មកលើក្រុមកម្មករ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួននោះ កម្មករក៏បានរើសដុំថ្មទាំងនោះ គប់ទៅអ្នកខាងក្នុងវិញ ។
លោកបន្ថែមថា ក្រុមកម្មករ នៅតែរង់ចាំដំណោះស្រាយ ក្នុងនោះលោកអំពាវនាវ ឲ្យភាគីពាក់ព័ន្ធ ចុះមកអន្តរាគមន៍ ដល់ពួកកម្មករផង ព្រោះធ្វើកូដកម្មអស់រយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលល្អឡើយ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល