ភ្នំពេញ ៖ ក្រោយពីកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី កាលពីម្សិលមិញ នឹងអនុម័តលើ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់ គ្រងឆ្នាំ២០១៦ ដោយគណៈរដ្ឋមន្រ្តីរួចហើយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ជម្រាបជូនប្រជាពលរដ្ឋកម្ពុជា ទាំងអស់ថា ចាប់ពីឆ្នាំ២០១៦ទៅ រាជរដ្ឋាភិបាល បានសម្រេចលុបចោលបា្រក់ពន្ធ ការយកពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះមួយចំនួន (ពន្ធផ្លូវ) ដូច ជាទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត (ម៉ូតូកង់៣) ដើម្បីកាត់បន្ថយបន្ទុកចំណាយ របស់ប្រជាពលរដ្ឋ ដែលមានបា្រក់ចំណូលទាប។
ដូច្នេះសម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបង់ពន្ធផ្លូវជាលើកចុង ក្រោយ ពីព្រោះនៅសល់តែប៉ុន្មានខែទៀត នឹងចូលឆ្នាំ២០១៦ហើយ, ប្រជាពលរដ្ឋលែងត្រូវការបង់ ពន្ធផ្លូវទៀតហើយ។
ការអំពាវនាវខាងលើនេះ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីអញ្ជើញ ជាអធិបតីភាព បើកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់មូលស្តាតចាស់ និង សួនច្បាររង្វង់មូលជ្រោយចង្វារត្រើយខាងកើត នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ។
សូមជំរាបថា កាលពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ឲ្យដឹងថា តាមសេចក្តី ព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៦ ដែលគណៈរដ្ឋមន្រ្តី បានអនុម័តនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបាន សម្រេចលុបចោលបា្រក់ពន្ធ ការយកពន្ធលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះមួយចំនួន(ពន្ធផ្លូវ) ដូចជា ទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត (ម៉ូតូកង់៣) ដើម្បីកាត់បន្ថយបន្ទុកចំណាយ របស់ប្រជាពលរដ្ឋ ដែលមានបា្រក់ចំណូលទាប ។
លោក ផៃ ស៊ីផាន បានបន្តបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៦ ដែលត្រូវបានគណៈ រដ្ឋមន្រ្តី អនុម័តនៅថ្ងៃនេះ នឹងបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីប្រជុំពិនិត្យ និងអនុម័តយ៉ាងយូរនៅចុងខែធ្នូ ឆ្នាំ២០១៥, ហើយនៅពេលរដ្ឋសភាអនុម័ត ចូលជាធរមាន ពេលនេះការយកពន្ធផ្លូវសម្រាប់ម៉ូតូ និងត្រីចក្រយានយន្ត នឹងត្រូវចាប់ផ្តើម, ប៉ុន្តែសម្រាប់ពេលនេះ ការបង់ពន្ធផ្លូវនៅអនុវត្តធម្មតា៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល