CamNews

ព័ត៌មានជាតិ 

ឪពុកកាប់ឆ្កែ ធ្វើម្ហូបក្លែមស្រា កូនស្រីខឹង គប់មួយកង្ហារ បែកមុខឈាមជោគ

ត្បូងឃ្មុំ ៖ កូនស្រី២នាក់ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនដាក់ខ្នោះដៃខ្នោះជើង យោងទៅតាម បណ្តឹងរបស់ឪពុកដោយ សារតែកូនស្រីខាងលើនេះផ្ទុះកំហឹងទាញកង្ហារគប់ទៅលើឪពុក បណ្តាលឲ្យរងរបួស ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅក្នុងភូមិឃុំ ស្រុក តំបែរ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះ នៅក្នុងជម្លោះផ្ទៃក្នុងគ្រួសារនេះ គេស្គាល់តែកូនស្រីម្នាក់ប៉ុណ្ណោះ មានឈ្មោះ ឃឿន សុខលិច អាយុ ៣០ឆ្នាំ មានទីលំនៅផ្ទះជាប់គ្នា ជាមួយនឹងផ្ទះឪពុក ។ ចំណែកបុរសជាឪពុក និងកូនស្រីម្នាក់ទៀត មិនត្រូវបានសមត្ថកិច្ចបង្ហើបប្រាប់ឈ្មោះឲ្យដឹងនោះឡើយ ។

យោងតាមប្រភពពីអ្នកជិតខាង បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា បុរសជាឪពុក រួមជាមួយអ្នកជិតខាងមួយចំនួន ទៀត បាននាំគ្នាកាប់ឆ្កែធ្វើម្ហូបក្លែមស្រា ។ ខណៈកំពុងធ្វើសាច់ឆ្កែ កូនស្រីមកដល់ឃើញក៏ធ្វើការស្តីបន្ទោសទៅលើ ឪពុកដែលមិនគួរណា កាប់ឆ្កែដែលខ្លួនស្រឡាញ់ស៊ីយ៉ាងដូច្នេះសោះ ។ ការស្តីបន្ទោសខាងលើនេះ បានបង្កឲ្យរវាង ឪពុក និងកូន​ស្រី កើតជម្លោះនឹងគ្នា ហើយខណៈនោះដោយទប់កំហឹងមិនបាន កូនស្រីក៏​បានទាញយកកង្ហារ​គប់ទៅ លើ​ឪពុក​បណ្តាលឲ្យចំផ្ទៃមុខរយះបែកឈាមជោកមុខ ។

បន្ទាប់ពីកូនស្រីប្រើហិង្សាយ៉ាងដូច្នេះ បុរសជាឪពុកទប់ កំហឹងមិនបាន ក៏រត់ទាំងផ្ទៃមុខប្រឡាក់ឈាម ទៅប្តឹង​នគរបាលមូលដ្ឋាន ហើយនគរបាលប៉ុស្តិ៍ក៏បាននាំបុរសជាឪពុក យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ រួច​ហើយទៅឃាត់ខ្លួនកូនស្រី ដែលជាភាគីបង្កចំនួន ២នាក់ យកមកដាក់ខ្នោះ ច្រវ៉ាក់ ឃុំទុក រង់ចាំកសាង​សំណុំរឿង បញ្ជូនទៅតុលាការ ។ ប៉ុន្តែ មួយសន្ទុះក្រោយមក បន្ទាប់ពីរំសាយកំហឹង និង នឹកឃើញ​អាណិត​កូនស្រី បុរសជាឪពុកក៏បានទៅអង្វរសមត្ថកិច្ច សូមឲ្យបញ្ចប់រឿង និងសូមឲ្យដោះលែងកូនស្រី ត្រឡប់​ទៅផ្ទះ​វិញ ដោយគ្រាន់តែសំណូមពរ សូមឲ្យកូនស្រីផ្លាស់ប្តូរទីលំនៅ កុំឲ្យធ្វើផ្ទះនៅ​ក្បែរខ្លួន​ទៀតតែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធករណីខាងលើនេះ លោក ស៊ា ម៉េងស៊ា អធិការនគរបាលស្រុកតំបែរ បានអះអាងថា តាមពិតករណីខាងលើ គឺជារឿងហិង្សាក្នុងគ្រួសារ ដោយសារតែគ្រួសារខាងលើនេះ មានជីវភាព ក្រីក្រ ហើយពួកគេក៏ឧស្សាហ៍ឈ្លោះវាយ តប់គ្នាញឹកញាប់ផងដែរ ហើយករណីខាងលើបន្ទាប់ពីបុរសជាឪពុកដែលជា ជនរងគ្រោះ អង្វរ-កសមត្ថកិច្ចសុំដក ពាក្យបណ្តឹង និងសូមឲ្យដោះលែងកូនស្រី សមត្ថកិច្ចក៏ធ្វើការអប់រំ រួចហើយឲ្យ ត្រឡប់ទៅផ្ទះវិញអស់ទៅ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia tbong khmum