ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៥នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ខួបលើកទី ១៣ឆ្នាំ (១ កក្កដា ២០០២-១ កក្កដា ២០១៣) នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្តេចនាយករដ្ឋមន្រ្តី នឹងព្រលែងកូន ត្រីចំនួន ១លានក្បាលនៅក្នុងទិវានេះផងដែរ ដើម្បីបង្កើនទិន្នផលត្រីនៅក្នុងផ្ទៃទឹកសាបរបស់កម្ពុជា។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ទិវាមច្ឆជាតិ ១ កក្កដា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២មក។ ទិវានេះ ប្រារព្ធឡើង ដើម្បី បំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាធនធានមច្ឆជាតិ ក៏ដូចជាធនធានធម្មជាតិក្នុងផ្ទៃ ទឹកឲ្យបានស្ថិតស្ថេរ និងជួយបង្កើនផលត្រី។ ជាពិសេសបំផុសស្មារតីប្រជាពលរដ្ឋឲ្យបញ្ឈប់ការនេសាទល្មើស ច្បាប់ ដែលនាំឲ្យហិនហោចដល់មច្ឆជាតិ។
បើតាមមន្រ្តីជលផល បានឱ្យដឹងថា ទិវាមច្ឆជាតិនេះ នឹងមានការព្រលែងកូនត្រី ១លានក្បាល ដែលក្នុងនោះ មាន ត្រីឆ្ពិន ត្រីឆ្កោក ត្រីគល់រាំង ត្រីត្រសក់ រួមទាំងត្រីទឹកសាបផ្សេងៗទៀត ក្នុងនោះ ក៏មានកូនអណ្តើក និង កន្ធាយ ផងដែរ។ ចំណែកឯមេពូជត្រីវិញ នឹងព្រលែងចំនួន ២០០គីឡូក្រាម៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល