ភ្នំពេញ៖ បន្ទាប់ពីបញ្ជូនជនសង្ស័យ៤១នាក់ ពាក់ព័ន្ធនឹងបទល្មើសលួច ឆក់ ប្លន់ និងគ្រឿងញៀន ទៅ តុលាការកាលពីសប្តាហ៍មុននេះ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ៣២នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមជាមួយវត្ថុតាងដូច គ្រឿងញៀន ជញ្ជីងថ្លឹង ដាវសាំមូរ៉ៃ និងសម្ភារៈសម្រាប់សេពជាច្រើនទៀត។
សូមជំរាបថា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ អាវុធហត្ថខណ្ឌច្បារអំពៅសហការ ជាមួយការិយាល័យគ្រឿងញៀន នៃកង រាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅ ក្រោយវត្តនិរោទ៍ ភូមិបឹងឈូក សង្កាត់និរោទ៍ ខណ្ឌច្បារអំពៅ និង អាវុធហត្ថខណ្ឌទួលគោកសហការ ជាមួយ ការិយាល័យគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធនិង គ្រឿង ញៀនដែរ នៅផ្លូវ២៧១ និងផ្លូវ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន២៦នាក់បន្ថែមទៀត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បច្ចុប្បន្នជនសង្ស័យទាំង៣២នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជួន ទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ជាបន្តបន្ទាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល