កណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួករបស់គេ ២ នាក់ផ្សេងទៀត ត្រូវបាននារីរងគ្រោះ ក្របួចប្រគល់ឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីគេបានប្រើល្បិច ច្រកគ្រាប់កង់ ១ថង់មក បបួលនារីរងគ្រោះ ដូរយកក្រវិល ១គូរ និងចិញ្ចៀន១វង់ ហើយគេចខ្លួនបាន ៤០ថ្ងៃ ភ្លេចខ្លួនមករកបោក គេម្តងទៀត ត្រូវជនរងគ្រោះប្រទះឃើញ ក៏ក្របួចបានតែម្តងទៅ ។ ហេតុការណ៍នេះ កើតឡើង កាល ពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ម៉ោងប្រហែល ១៩និង៣០នាទី ជនរង គ្រោះ បានចេញពីធ្វើការរោងចក្រតៃយៀន ដើរត្រឡប់ទៅផ្ទះជួល លុះដល់ខាងជើងទ្វាររបង រោងចក្រ បានជួបជនសង្ស័យ ហើយដើរតាមពីក្រោយជនរងគ្រោះ ដោយប្រើល្បិចសួរនាំជនរងគ្រោះ ពីនេះពី នោះមិនចេះចប់ រហូតដល់មុខផ្ទះឈ្មោះ សៀង ប៊ុនថៃ ជនសង្ស័យបានប្រាប់ជនជនរងគ្រោះថា គេរើស មាសបាន ៨ តម្លឹង រួចបបួលជនរងគ្រោះចែកគ្នា សូមកុំប្តឹងនគរបាល ។ ពេលនោះជនសង្ស័យ បាន បបួលជនរងគ្រោះទៅចែកគ្នានៅម្តុំផ្សារជម្ពូវ័ន្ត ។ ពេលនោះជនសង្ស័យ ក៏ហៅម៉ូតូឌុប ដែលជាបក្ខពួក របស់ជនសង្ស័យ និងមានស្រីម្នាក់ទៀត អាយុប្រហែល២០ឆ្នាំ បានឡើងជិះម៉ូតូទៅជាមួយគ្នា ដល់ ចំណុចមុខភូមិគល់ សង្កាត់កន្ទោក ខណ្ខពោធិ៍សែនជ័យ ក៏បានបត់ម៉ូតូចូលជិតដល់ភូមិឈប់ម៉ូតូ ហើយ ជនសង្ស័យបានលួងលោមជនរងគ្រោះ ឲ្យដោះក្រវិល ចិញ្ចៀនឲ្យគេ ហើយបានឆែកឆេរខ្លួនប្រាណ ជនរងគ្រោះ រួចហើយពួកគេបានទុកកញ្ចប់មាស ដែលជាគ្រាប់កង់ឲ្យជនរងគ្រោះ ទើបពួកគេនាំគ្នា ចេញទៅបាត់ទៅ ។ ចំណែកជនរងគ្រោះ បានត្រឡប់ទៅផ្ទះជួលវិញ លុះទៅដល់ផ្ទះ បានស្រាយកញ្ចប់ នោះមើល ស្រាប់តែឃើញសុទ្ធតែគ្រាប់កង់ ទើបដឹងថា ចាញ់បោកគេ ។ រហូតដល់ថ្ងៃកើតហេតុពេល ជនរងគ្រោះ ចេញពីធ្វើការរោងចក្រដើរដល់ផ្លូវ ក៏បានឃើញជនសង្ស័យ ហើយស្ទុះទៅចាប់ តែជន សង្ស័យ បានរត់គេចខ្លួន ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយចាប់ រហូតដល់មុខផ្ទះពេទ្យលី សុវណ្ណា ទើបចាប់ជនសង្ស័យបាន ហើយប្រគល់ឲ្យនគរបាលចាត់ការ ទៅតាមផ្លូវច្បាប់ ។
នគរបាលបានបន្តថា ជនរងគ្រោះឈ្មោះ ឆែម មុំ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិ ព្រៃវែង ឃុំប្រាំមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គ ស្នួល ចំណែកជនសង្ស័យ ឈ្មោះ អ៊ីន ឆវិន ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំ ផ្សារសាមគ្គី និងបក្ខពួករបស់គេ២នាក់ទៀត ពុំស្គាល់អត្តសញ្ញាណនោះទេ ។ សម្ភារ:បាត់បង់មាន ក្រវិលមាស ១គូរទម្ងន់១ជី ចិញ្ចៀនមាស ១វង់ទម្ងន់ ១ជី ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល