(ភ្នំពេញ)៖ ក្រោយ Fresh News ចេញផ្សាយនូវអត្ថបទស្ដីពីការរៀបរាប់ពីអនុស្សាវរីយ៍ និងការទួញសោករបស់ភរិយាវ័យក្មេងម្នាក់ដែលប្ដីរបស់នាងត្រូវបានគ្រូពេទ្យចាក់ថ្នាំបណ្ដាលអោយស្លាប់ដោយគ្រាន់តែជនរងគ្រោះឈឺខ្នងដោយគេមិនបានដឹងពីរោគវិនិច្ឆ័យច្បាស់លាស់រួចមកនោះ មានប្រិយមិត្តរបស់fresh news មួយរូបឈ្មោះ Sok Heang ដែលអះអាងថាជាបងប្អូនថ្លៃជាមួយសពរងគ្រោះនោះបានខូមិននៅលើហ្វេសប៊ុករបស់ Fresh News ថា ពួកគេទើបនឹងរៀបការបាន២៨ថ្ងៃសោះក៏ស្លាប់...។
ករណីកំលោះ ក្រមុំដ៏ស្រស់សោភាទើបនឹងរៀបការជាមួយគ្នាបាន២៨ថ្ងៃ ត្រូវប្ដីស្លាប់ចោលទាំងនៅវ័យក្មេងនេះ បានធ្វើអោយគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះហាក់ដូចជាចៃដន្យពេក ខណៈបើយោងតាមព័ត៌មានបានអោយដឹងថាប្ដី ប្រពន្ធវ័យក្មេងមួយគូរនេះ ពួកគេក៏មានវ័យ២៨ឆ្នាំដូចគ្នាផងដែរ។ បើគេមិនគិតទៅដល់រឿងអ្វីផ្សេង ក៏គេគិតថាវាហាក់ដូចជារឿងគាប់ជួន និងជារឿងចៃដន្យពេកដែរ.!
សូមបញ្ជាក់ថាបុរសដែលស្លាប់ដោយសារគ្រូពេទ្យនៅគ្លីនិកឃឹម រ៉ានី ចាក់ថ្នាំបណ្ដាលអោយស្លាប់កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីរូបគេមានអាការៈឈឺខ្នងហើយទៅអោយពេទ្យពិនិត្យរួចមកនោះ មានឈ្មោះឡាំ តៅគង់ អាយុ២៨ឆ្នាំ។ចំណែកភរិយាមានឈ្មោះសុខ រដ្ឋមុនី ត្រូវបានគេអះអាងថាមានអាយុ២៨ឆ្នាំតំណាលនឹងប្ដីដែរ។
បច្ចុប្បន្នគ្លីនិកឃឹម រ៉ានី ត្រូវក្រសួងសុខាភិបាលចេញលិខិតបិទ និងមន្ត្រីចុះទៅប្រកាសបិទអាជីវកម្មរួចហើយ តែចំណាត់ការផ្លូវច្បាប់ទៅលើម្ចាស់គ្លីនិកនេះយ៉ាងណាទៀតនោះ គេនៅមិនទាន់ដឹងឡើយ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី