CamNews

ព័ត៌មានជាតិ 

ចុងភៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភូកេត្រា នៅភ្នំពេញ ក្លាយជាចោរប្លន់ និងចាប់ស្រ្តីជាចំណាប់ខ្មាំង

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាវុធហត្ថក្រុងភ្នំពេញ ​បាន​​ថ្លែង​ឲ្យដឹងថា បុរស​ម្នាក់ដែលធ្វើសកម្មភាពប្លន់ អ្នកដំណើរនៅកោះពេជ្រ នៅល្ងាចមិញនេះ គឺជាចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភូកេត្រា នៅរាជធានីភ្នំពេញ។

ជនសង្ស័យជាចោរប្លន់ត្រូវបានអាវុធហត្ថ ចាប់បានប្រមាណ ១៥នាទីក្រោយកើតហេតុ ក្រោមការបញ្ជាផ្ទាល់ភ្លាមៗពីមេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានធ្វើឲ្យជនសង្ស័យជាចោរប្លន់ ចាប់តាមនៅចំណុចម្តុំអតីតរោងភាពយន្តអង្គរ នៅវេលាម៉ោងប្រមាណ ១៦៖៤០នាទី រសៀលថ្ងៃទី២៧ ខែមេសានេះ ហើយបញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថ ក្រុងភ្នំពេញ។

មន្រ្តីអាវុធហត្ថបាននិយាយថា ជនសង្ស័យខាងលើនេះ មានឈ្មោះ សុខ តាករតនៈ បានដកកាំភ្លើងភ្ជង់ ក្មេងស្រីម្នាក់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅកោះពេជ្រ ដោយឃើញកម្លាំងអាវុធហត្ថល្បាតនៅទីនោះ ចោរប្លន់រូបនោះបានទម្លាក់ម៉ូតូចោរ ហើយបន្តរត់គេចខ្លួនមកចាប់ស្រ្តីម្នាក់ទៀត ចាប់ធ្វើជាចំណាប់ខ្មាំង ដែលជិះម៉ូតូ Scoopy ត្រង់ចំណុចស្ពានកោះពេជ្រ រួចហើយតាមចាប់រហូតដល់ម្តុំអតីតរោងភាពយន្តអង្គរ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ សុខ វ៉ាន់ធីតា សិស្សថ្នាក់ទី១០ នៅវិទ្យាល័យ ហ៊ុនសែន​តាខ្មៅ។

សូមជំរាបថា នៅប្រមាណម៉ោង ១៦៖៤០នាទីរសៀល ថ្ងៃទី២៧ ខែមេសានេះ មានករណីដកកាំភ្លើងភ្ជង់ប្លន់ម៉ូតូ នៅក្នុងតំបន់កោះពេជ្រ ត្រង់ចំណុចស្ពានកោះពេជ្រ ហើយចាប់ម្ចាស់ម៉ូតូធ្វើចំណាប់ នៅពេលដែលមានការផ្អើលឆោរឡោ។ ចោរប្លន់រូបនោះ បានដកកាំភ្លើងបាញ់មកលើកម្លាំងអាវុធហត្ថ ប៉ុន្តែមិនផ្ទុះនៅពេលកម្លាំងអាវុធហត្ថជិះតាមចាប់ ហើយរហូត​មក​ដល់ម្តុំអតីតរោងភាពយន្តអង្គរ ទើបចាប់បាននៅទីនោះតែម្តង។

រហូតដល់ពេលនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ម៉ូតូជូនដល់ម្ចាស់ម៉ូតូវិញហើយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP