ភ្នំពេញៈ ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះប្រតិបត្តិការ ឃាត់បានជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីសមគំនិត ជាមួយជនសង្ស័យម្នាក់ទៀត ច្របាច់កស្ត្រីម្នាក់ បំណងប្លន់យកម៉ូតូម៉ាក ១២៥ ។ ដោយហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ១៥ នឹង ២០ នាទីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅចំណុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
នគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ភន់ ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពមិនបានសម្រេចនោះ ឈ្មោះ ដាវីត ភេទប្រុស មិនស្គាល់អាសយដ្ឋាន។ ចំណែកជនរងគ្រោះឈ្មោះ រិទ្ធ ស៊ីនឿន ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឲ្យដឹងថា មុនពេលកើតមានករណីនេះ គឺជនសង្ស័យ ភន់ ស្រីនាង បានខ្ចីលុយជនរងគ្រោះ ៦០០ ដុល្លារអាមេរិក ដោយសងរាប់ ក្នុងមួយថ្ងៃ ៨០០០០ ម៉ឺនរៀល ។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះភន់ ស្រីនាង បានរៀបគំរោងជាមួយឈ្មោះ ដាវីត ដើម្បីប្លន់ជនរងគ្រោះ ដោយបានទូរស័ព្ទហៅជនរងគ្រោះ ឲ្យមកយកលុយនៅផ្ទះជួលរបស់ខ្លួន នៅចំណុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ លោកអធិការបន្តថា ពេលជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ពណ៌ ខ្មៅ មកដល់ផ្ទះរបស់ជនសង្ស័យ ហើយបានដើរចូលក្នុងផ្ទះ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះ ដាវីត បានស្ទុះ ធ្វើសកម្មភាពច្របាច់ក ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ភន់ ស្រីនាង ក៏ទៅជួយច្របាច់កជនរងគ្រោះផងដែរ ហើយជនរងគ្រោះសន្លប់ រួចជនសង្ស័យឈ្មោះ ដាវីត ក៏អូសជនរងគ្រោះទៅបន្ទប់ទឹក រួចជនសង្ស័យឈ្មោះ ដាវីត បានយកកូនសោម៉ូតូរបស់ជនរងគ្រោះ បំណងជិះគេចខ្លួន តែមានអ្នក ជិតខាងមកទាន់ក៏ស្រែកឆោឡោ បណ្តាលឲ្យជនសង្ស័យឈ្មោះ ដាវីត រត់គេចខ្លួនបាត់ស្រមោល ចំណែកជនសង្ស័យម្នាក់ឈ្មោះ ភន់ ស្រីនាង ត្រូវបានប្រជាពលរដ្ឋជិតខាងឃាត់បាន ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្តងទៅ ។
លោកអធិការបានបញ្ជាក់ថា ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានប្រគល់ឲ្យម្ចាស់ឈ្មោះ រិទ្ធ ស៊ីនឿន វិញហើយ ជនសង្ស័យឈ្មោះ ភន់ ស្រីនាង កំពុងស្ថិតក្រោម ការសាកសួរ របស់សមត្ថកិច្ចនៅអធិការដ្ឋានគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួន ឈ្មោះ ដាវីត ដែលជាបក្ខពួក រួចកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល