កណ្តាល ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូ ២គ្រឿងប៉ះគ្នា ហើយដួលទៅលើផ្លូវ គ្រានោះមានរថយន្តកុងតឺន័រមួយគ្រឿង មកដល់កិនពីលើ បណ្តាលឲ្យស្លាប់តែម្តង ដោយឡែកម៉ូតូមួយគ្រឿងទៀត បើកគេចខ្លួនបាត់ ។
ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ៥និង១០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១ ភូមិ-ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោក ព្រុំ សំណាង អធិការរង ទទួលផែនចរាចរស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះទុយ ភារៈ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាសន្តិសុខ មានទីលំនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-5592 ។ ចំណែករថយន្តបង្ក ជាប្រភេទរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត តិច ស្រ៊ុន ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0581 បើកបរដោយឈ្មោះផាត ពិសិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្ត មានទីលំនៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ មានម៉ូតូ ២គ្រឿង បើកក្នុងទិសដៅពីកៀន ស្វាយ ទៅភ្នំពេញ មកដល់ចំណុចកើតហេតុ បានប៉ះដៃចង្កូតគ្នាហើយដួល គ្រានោះរថយន្តកុងតឺន័រ បើកក្នុងទិសដៅស្របគ្នា តែមានល្បឿនលឿនបានទៅដល់ កិនបុកហើយកិនមួយចំហៀងខ្លួនស្លាប់គងលើម៉ូតូ ធ្វើឲ្យអ្នកឃើញហេតុការណ៍រន្ធត់ បំផុត ។
លោក ព្រុំ សំណាង បានបញ្ជាក់ថា ក្រោយកើតហេតុរថយន្តកុងតឺន័រ បានព្យាយាមបើករត់ ទៅដល់ផ្លូវ បំបែករោងចក្រផលិតស្រាបៀកម្ពុជា ហើយដោយមានកិច្ចសហការ រវាងមេប៉េអឹមខណ្ឌច្បារអំពៅ ទើបសមត្ថកិច្ច ឃាត់ រថយន្តបង្ក បាន ។
ក្រោយកើតហេតុ រថយន្តបង្ក និងអ្នកបើកបរ រួមជាមួយម៉ូតូរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការ ដ្ឋានគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល