ភ្នំពេញ ៖ អាជីវករផ្សារទួលទំពូងជា ច្រើននាក់ បាននាំគ្នាភ័យស្លន់ស្លោ ខ្លះរហូត រើឥវ៉ាន់ចេញពីតូប និងខ្លះទៀត កំពុងរើចេញ ដោយសារមាន ករណីផ្ទុះកាប៊ីនភ្លើងដ៏ធំមួយ នៅជាប់ផ្សារទួលទំពូង ខាងលិច ឈាងខាង ត្បូង កែងផ្លូវលេខ៤៥០ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ។
ករណីនេះ បានធ្វើឱ្យផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចពន្លត់អគ្គិភ័យរាជធានីភ្នំពេញ រហូតបញ្ជូនរថយន្ដមួយគ្រឿង ប្រុងបាញ់ អន្ដរាគមន៍ ប៉ុន្ដែភ្លើងបានរលត់ទៅវិញ បន្ទាប់ពីមន្ដ្រីអគ្គិសនី បានចុះទៅបិទបារ៉ែតភ្លាមៗផងដែរ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា មានផ្សែងហុយចេញពីក្នុងកាប៊ីនយ៉ាងខ្លាំង នៅជាប់ ផ្សារទួលទំពូង ធ្វើឱ្យក្រុមអាជីវករ ដែលកំពុងលក់ដូរ ជាពិសេសអាជីវករលក់កាបូប នៅក្បែរកាប៊ីនភ្លើងនោះ បាននាំគ្នារត់ឆ្លេរឆ្លា រើឥវ៉ាន់ចេញពីតូបទៀត ។
យ៉ាងណាក៏ដោយ ស្ថានភាពបានគ្រប់គ្រងទាំងស្រុង មិនធ្វើមានការឆេះរីករាលដល់តូបអាជីវករនោះទេ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល