(ភ្នំពេញ)៖ មហាជនជាច្រើន នៅតាមបណ្តាញទំនាក់ទំនងសង្គម បានសម្ដែងការរិះគន់យ៉ាងខ្លាំង និងដៀលចំៗឥតសំចៃមាត់ ចំពោះបទចម្រៀងថ្មី ដែលមានចំណងជើងថា «ទាល់តែយូរទើបស៊ីអូនបាន» ច្រៀងដោយតារាចម្រៀងវ័យក្មេងគឺ កញ្ញា ម៉ាលីស។
ប្លែកពីបទចម្រៀង របស់តារាចម្រៀងផ្សេងៗ គ្រាន់តែធ្វើការផ្សព្វផ្សាយភ្លាម មានការគាំទ្រ ប៉ុន្តែចម្លែកត្រង់បទ «ទាល់តែយូរទើបស៊ីអូនបាន»ពេលចេញូភ្លាម ត្រូវអ្នករិះគន់ជាច្រើនបានលើកឡើងថា បទចម្រៀងមួយនេះ បានចម្លងពីបរទេស ដោយយកសាច់ភ្លេង ហើយបានប្រែសម្រួលអត្ថន័យបទផ្សេង ដែលធ្វើឲ្យមហាជន មានការរិះគន់ថា «សាច់ភ្លេងយកពីគេហើយ អត្ថន័យមិនសមរម្យទៀត»។ ការលើកឡើងរបស់មហាជន ពិតជាចង់សម្ដៅឲ្យក្រសួង ពាក់ព័ន្ធមានវិធានការណ៍ ធ្វើយ៉ាងណា ចំពោះបទចម្រៀងថ្មីមួយនេះ ព្រោះស្ដាប់ទៅ អត្ថន័យអាចប៉ះពាល់ដល់ តម្លៃរបស់ស្រ្តីខ្មែរទៀតផង។
អ្នករិះគន់ម្នាក់ បានលើកឡើងថា តារាចម្រៀងថ្មី កញ្ញា ម៉ាលីស មិនគួរច្រៀងបទនេះទេ ព្រោះវាបានធ្វើឲ្យអ្នកទស្សនា មានការខ្មាស់អៀន ហើយបទនេះ ពិតជាមិនឲ្យតម្លៃស្រ្តីខ្មែរទាល់តែសោះ។ នាងបានសរសរថា « កោតតែច្រៀងទៅរួច ពិបាកស្តាប់ជាងក្មេងមតេយ្យទៀត»។
អ្នកគាំទ្រវិស័យសិល្បៈម្នាក់ បានលើកឡើងថា ពាក្យថា «ស៊ីអូនបាន» ពាក្យនេះដូចជាមិនសមរម្យទេ សម្រាប់មនុស្សស្រី វាប្រៀបបានមនុស្សស្រីជាម្ហូប ឬ ជានំសម្រាប់មនុស្សបុ្រសញ៉ាំលេង។ ការប្រៀបមនុស្សស្រីម្នាក់ ទៅរបស់ញុំាលេងបែបនេះ ត្រូវបានមហាជនផ្សេងៗទៀតគិតថា វាពិតជាមិនសមរម្យទាល់តែសោះ។
អ្វីដែលមហាជនជាច្រើន ចង់បាននោះ គឺចង់ឲ្យក្រសួងដែលពាក់ព័ន្ធ មានចំណាត់ការចំពោះបទនេះ ។ លើសពីនេះ ក៏សូមឲ្យក្រសួងវប្បធម៌ជួយពិនិត្យឡើងវិញ ចំពោះអ្នកនិពន្ធបទចម្រៀង ព្រោះថា តារាចម្រៀងពួកគាត់ បានត្រឹមតែច្រៀង តែអ្វីដែលសំខាន់នោះ គឺអ្នកនិពន្ធឲ្យច្រៀង ហេតុដូចនេះ ក្រសួងគួរតែមានវិធានការមួយ ដ៏ល្អប្រសើរដើម្បីជៀសវាងការិះតិះតៀន ពីមហាជនកាន់តែច្រើន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៤ កក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ក៏មានតារាចម្រៀងថ្មីរបស់ ផលិតកម្ម ថោន លោក កែវ វាសនា ត្រូវបានមហាជនមានការរិះគន់ខ្លាំងៗផងដែរ ជុំវិញការចម្លងបទពីបទបរទេសយកមកច្រើង ដោយបទនៅមានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ» ដែលចម្លងទំនុកភ្លេងពីបទដើមរបស់ថៃ មានចំណងជើងថា «Sai Va Si Bo Thim Kan (ไสว่าสิบ่ถิ่มกัน)»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង