តារាចម្រៀង Taeyang របស់ក្រុម Big Bang ត្រូវបានជ្រើសរើសជាតារាដែលរាំបានល្អជាងគេបំផុត។ ថ្មីៗនេះ ក្រុមហ៊ុន ស្ប៉ត ហានគូគី បានធ្វើការស្ទង់មតិមួយដោយសួរគ្រូបង្ហាត់ក្រុមរាំកំពូលទាំង៥ នៅកូរ៉េ ដោយសួរពួកគេថាតើតារាមួយណាដែលមានក្បាច់រាំល្អឥតខ្ចោះ។ ជាលទ្ធផល បីនាក់ក្នុងចំណោម៥នាក់ បានជ្រើសរើស Taeyang ឲ្យឈរនៅលំដាប់ទីមួយ។ គ្រូបង្ហាត់ទាំងបីនាក់នោះមកពីផលិតកម្មយក្សទាំងបីរបស់កូរ៉េគឺ YG Entertainment, JYP Entertainment និង SM Entertainment។
ក្រៅពី Taeyang ដែលជាប់ជាតារាប្រុសដែលជាប់ខាងរាំល្អដាច់គេ តារាស្រីក៏ត្រូវបានគេជ្រើសរើសផងដែរ។ ក្នុងនោះ Minzy របស់ក្រុម 2NE1 និង BOA បានទទួលពីរសម្លេង២ម្នាក់ ឈរនៅលំដាប់កំពូលដូចគ្នា។ ចំណែកអ្នកដែលបានមួយសម្លេងគឺ កញ្ញា Min របស់ក្រុម miss A។
គ្រូបង្ហាត់រាំប្រចាំ YG Entertainment មានឈ្មោះថា Lee Jae Wook បានបកស្រាយថា គ្មានតារាណាទៀតទេ ដែលអាចរាំបានល្អដូច Taeyang ទាំងថាមពល ជំនាញ និងការប្រើទឹកមុខ នៅពេលកំពុងរាំ។
ចំណែកលោកPark Nam Yong មកពី JYP Entertainment វិញបានបញ្ជាក់ថា ការផ្លាស់ប្ដូរចលនាពេលកំពុងរាំរបស់ Taeyang គឺល្អណាស់ ជាពិសេសគឺការបញ្ចេញអារម្មណ៍ពេលរាំ។
លោក Hwang Sang Hoon របស់ SM Entertainment ក៏បញ្ចេញទស្សនៈស្រដៀងគ្នាដែរថា ជំនាញរបស់ Taeyang គឺល្អបំផុត។
ទោះជាយ៉ាងណាក៏ដោយគ្រូបង្ហាត់រាំពីនាក់ទៀតមិនបានជ្រើស Taeyang នោះទេ។ លោក Park Sang Hyun ដែលបង្ហាត់រាំដល់ក្រុម SECRET, Magic និង Madonna បានជ្រើសរើស Jay Park។ គាត់បានប្រាប់ហេតុផលថា Jay Park គឺអាចរាំបានគ្រប់ស្ថានការណ៍ទាំងអស់ ហើយ Jay Park អាចបង្កើតរបៀបរាំថ្មីៗបាន។
រីឯលោក Ha Woo Sin ដែលជាគ្រូបង្ហាត់រាំដល់ក្រុម B2ST បានជ្រើសរើសសមាជិក២នាក់របស់ B2ST គឺ Junhyung និង Hyunseung។ ពួកគេមានកាយវិការក្នុងការរាំបានល្អ និងថែមទាំងចេះរាំរបៀបប្រពៃណីទៀតផង។