ភ្នំពេញ៖ អគ្គនាយកដ្ឋានសំណង់ នៃក្រសួងដែនដី និងនគរូបនីយកម្ម បានបញ្ជាឲ្យផ្អាកការដ្ឋានសំណង់របស់ លោក លួ ហ៊ួត ដែលបានធ្វើឲ្យកម្មករម្នាក់ស្លាប់ ដោយសារគាបនៅក្នុងជណ្តើរយោងសម្ភារៈកាលពីម្សិលមិញ។ អគ្គនាយកដ្ឋានសំណង់ បានបញ្ជាក់ថា កន្រ្តកយោង ដែលគាបកម្មករសំណង់ស្លាប់នោះ គឺប្រើសម្រាប់តែយោង សម្ភារៈសំណង់ក្នុងការដ្ឋានពីជាន់ផ្ទាល់ដី ដល់ជាន់ទី១៥តែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យមនុស្សជិះឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសំណង់ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាព ក្រោមឱវាទ ដែលពាក់ព័ន្ធ រួមទាំងអាជ្ញាធរ ដែនដី បានចុះទៅពិនិត្យ និងផ្អាកការដ្ឋានសំណង់ ដើម្បីឲ្យអង្គភាព ជំនាញពាក់ព័ន្ធទាំងអស់ ស្រាវជ្រាវរកមូលហេតុ នៃគ្រោះថ្នាក់ និងមានវិធានការទៅលើម្ចាស់ការដ្ឋានសំណង់។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ អគ្គនាយកដ្ឋានសំណង់ បានឲ្យដឹងថា គម្រោងសាងសង់របស់ លោក លី ហ៊ួត ស្ថិតនៅលើដីឡូតិ៍លេខ៣៦អា កាច់ជ្រុងផ្លូវលេខ ២៤២ និងផ្លូវលេខ១១១ សង្កាត់បឹងបឹងព្រលិត ខណ្ឌ៧ មករា ទទួលបានលិខិតអនុញ្ញាតសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤។ នៅក្នុងលិខិតអនុញ្ញាតនោះ បានបញ្ជាក់យ៉ាងច្បាស់ពីបទបញ្ជា និងកាតព្វកិច្ច ដែលម្ចាស់សំណង់ត្រូវបំពេញ ដើម្បីធានាសុវត្ថិភាពនៅក្នុង និងក្រៅការដ្ឋានសំណង់។
សូមបញ្ជាក់ថា កម្មករសំណង់ម្នាក់ បានគាបក្បាលនឹងរបាស្លាប់ ពេលកំពុងជិះក្នុងកន្ត្រកយោងសម្ភារៈនៅជាន់ទី ១៥ ពេលកំពុងបំពេញការងារកាលពីរសៀលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៤។ ជនរងគ្រោះមានឈ្មោះ ចាន់ ធឿន អាយុ ២១ឆ្នាំ មានស្រុកកំណើត នៅខេត្ដព្រៃវែង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល