CamNews

ព័ត៌មានជាតិ 

បង្ក្រាបចោរឆក់ ជាសិស្សសាលា ២នាក់ ក្រោយធ្វើ សកម្មភាព មុខធនាគារប៊ូយ៉ុង

ភ្នំពេញៈ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាលខណ្ឌ ដូនពេញ បានបើកប្រត្តិបតិការ ដេញបង្ក្រាបក្រុមចោរឆក់ពីរនាក់ ជាសិស្ស និងនិស្សិតបានភ្លាមៗ ក្រោយពីពួកគេ បានធ្វើកសម្មភាព កាលពីវេលាម៉ោង៨ យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅធនាគារប៊ូយ៉ង តាមបណ្តោយ ផ្លូវព្រះនរោត្តម ក្នុងទឹកដីខណ្ឌដូនពេញ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ២នាក់  ជិះម៉ូតូគុបមួយគ្រឿង ដោយបុរសជាអ្នកបើក និងស្ត្រីអង្គុយពីក្រោយ ដោយមានកាបូបដាក់នៅ លើភ្លៅ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់មុខធនាគារ ប៊ុយ៉ុង ស្រាប់តែលេចមុខជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1BT-7318 មកអែបជនរងគ្រោះ ពេលនោះ ជនសង្ស័យ អង្គុយពីក្រោយ  បានឆក់យកកាបូប ប៉ុន្តែស្រ្តីរងគ្រោះបានកន្ត្រាក់កាបូប មកវិញធ្វើឲ្យពួកគេទាំងពីរនាក់ ដួលម៉ូតូ ក៏ត្រូវបានប្រជាពលរដ្ឋ និងនគរបាលខណ្ឌដូនពេញនៅក្បែរនោះ ជួយអន្តរាគម បង្ក្រាប និងឃាត់ខ្លួនបានម្នាក់ ដកហូតម៉ូតូជិះធ្វើសកម្មភាព រីឯជនសង្ស័យម្នាក់ទៀតរត់គេខ្លួន។

តាមមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោយពីមានករណីនេះកើតឡើង ការិយាល័យជំនាញបាន សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញតាមស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាអ្នកឆក់ បាននៅមុខផ្ទះសំណាក់ យីហោ សូរិយាផ្កាយ ៩ តាមបណ្តោយផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ វ៉ា វាសនា អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថ ស្នាក់នៅផ្ទះលេខ 70 E0  ផ្លូវលេខ ២៤៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាអ្នកបើកម៉តូ និងទីឈ្មោះ ម៉ៅ ហេងសម្បត្តិ អាយុ១៨ឆ្នាំ ជានិស្សិតនៅសកលវិទ្យាល័យបៀលប្រាយ ស្នាក់នៅផ្ទះលេខ 9  E0  ផ្លូវលេខ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាអ្នកឆក់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ ៖ ដើមអ​ម្ពិល


Tags: Social News Cambodia PP