បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង នៅវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០១៥នេះ ដោយសារតែមានអគ្គិភ័យមួយ កើតឡើង នៅទល់មុខមន្ទីរកសិកម្មខេត្ដ បន្ទាយមានជ័យ ក្នុង ក្រុងសិរីសោភ័ណ ដែល ករណីនេះ ផ្ដើមចេញពីរថយន្ដមួយគ្រឿង បុកចូលផ្ទះប្រជាពលរដ្ឋ ដែលរកស៊ីលក់ហ្គាស់ ។
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះយ៉ាងខ្លាំង ពីព្រោះជាកន្លែងលក់ហ្គាស់ ក្រោយពេលដែលរថយន្ដបង្កបានបើកបុកចូលដោយមិនទាន់ដឹងពីមូលហេតុ ។
ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍អាត់ ខែម បានបញ្ជាក់ ថា ពិតជាមាន ករណីនេះកើតឡើងមែន ហើយ កម្លាំងសមត្ថកិច្ចរបស់លោក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង ប្រជាពលរដ្ឋជាច្រើននាក់ បានរួមគ្នាជួយអន្ដរាគមន៍ បាញ់ពន្លត់។
សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល ដែលចូលរួម នៅក្នុងប្រតិបត្តិការខាងលើនេះ បានបញ្ជាក់ថា ក្រោយពីមានការជួួ យបាញ់ពន្លត់ទាន់ពេលវេលា របស់កម្លាំងសមត្ថកិច្ច នៃការិយាល័យពន្លត់អគ្គិភ័យ ខេត្តបន្ទាយមានជ័យរួចមក ភ្លើងបានរលត់ទៅវិញ ទាំងស្រុង ។
យ៉ាងណាក៏ដោយនោះ នៅមិនទាន់ដឹងអំពីចំនួន នៃការខូចខាតនោះទេ ដោយរង់ចាំ ការបូកសរុប របស់សមត្ថកិច្ចជាមុនសិន៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល