កំពង់ចាម ៖ ក្រោយពីការ ចុះស្រាវជ្រាវ នូវករណីសិស្ស វិទ្យាល័យហ៊ុន សែន ពាមជីកង បានដួលសន្លប់ ក្រុម ការងារជំនាញ នៃមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានសន្និដ្ឋានថា អាចបណ្តាល មកពីចិត្តសាស្ត្រ របស់មនុស្ស ច្រើនជាង ពោលគឺនៅពេល ដែលឃើញមិត្តភក្តិម្នាក់ដួលសន្លប់ អ្នកផ្សេងមានស្មារតីខ្សោយ ក៏សន្លប់តាមគ្នាតែ ម្តង និងមិនពាក់ព័ន្ធជាមួយអាហារនោះទេ ។
ប្រភពពីមន្ត្រីសុខាភិបាល ខេត្តកំពង់ចាម បានឲ្យដឹងថា សិស្សដែលបានដួលសន្លប់ សុទ្ធតែសិស្សស្រីមាន ចំនួន ២៣នាក់ ។ហើយក្រោយហេតុការណ៍ មន្ត្រីសុខាភិបាលខេត្ត បានសហការជាមួយអាជ្ញាធរ ខេត្ត កំពង់ចាម និងមានសមត្ថកិច្ចស្រុកកងមាស បានចុះអន្តរាគមន៍សង្គ្រោះ និងពិនិត្យដល់កន្លែង កើតហេតុ ដែលក្នុងនោះ សិស្សដែលមានអាការៈធ្ងន់ធ្ងរ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ចំណែក សិស្សដែលមិនសូវធ្ងន់ធ្ងរ ដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពពាមជីកង ។
ប្រភពដដែល បានឲ្យដឹងទៀតថា ឆ្លងកាត់ការចុះត្រួតពិនិត្យផ្ទាល់ ឃើញថា ការដួលសន្លប់របស់សិស្ស ស្រីទាំង អស់ មិនមែនបណ្តាលមកពីខ្យល់អាកាស ឬបរិយាកាសជុំវិញ សាលានោះទេ ហើយក៏មិនមែន មកពីចំណី អាហារនោះដែរ ពោលគឺអាចបណ្តាលមក ពីចិត្តសាស្ត្ររបស់មនុស្សច្រើន ។ ប៉ុន្តែ យ៉ាងណា ក៏ដោយ នៅល្ងាច ថ្ងៃកើតហេតុ សិស្សទាំងអស់ ត្រូវបានសង្គ្រោះ បានធូរស្បើយគ្រប់ៗគ្នាអស់ហើយ ។ ជាមួយគ្នានោះ ខាង អាជ្ញាធរស្រុកកងមាស មានគម្រោងធ្វើពិធីសូត្រមន្តរំដោះគ្រោះ នៅក្នុងវិទ្យាល័យ នោះផងដែរ។
គួររំលឹកដែរថា សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ចំនួន២៣នាក់ បានដួលសន្លប់ បន្តបន្ទាប់ កាលពី
ថ្ងៃទី១០ និង១១ ខែមិថុនា ឆ្នាំ២០១៤ ខណៈដែលពួកគេកំពុងអង្គុយសិក្សាក្នុងថ្នាក់រៀន នៃវិទ្យាល័យ
ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
អភិបាលស្រុកកងមាស លោក មឿន ផា បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ ពោលគឺនៅ ព្រឹកថ្ងៃ ទី១០ មានសិស្សវិទ្យាល័យហ៊ុន សែន ពាមជីកង បានមានអាការៈថប់ដង្ហើម ដួលសន្លប់ចំនួន៥នាក់ លុះនៅ ព្រឹកថ្ងៃទី១១ ខែមិថុនានេះ ខណៈពេលពួកគេកំពុងអង្គុយសិសក្សាដូចគ្នា ក៏ស្រាប់តែមានសិស្សស្រី២នាក់ មាន អាការៈថប់ដង្ហើម និងដួលសន្លប់ ហើយពេលនោះ សិស្សផ្សេងទៀត បានឃើញដូច្នោះ ក៏ចាប់ផ្តើម ដួលសន្លប់ តៗគ្នា រហូតដល់ទៅ១៨នាក់ទៀត។លោក អភិបាល បានបន្តថា ក្នុងហេតុការណ៍សិស្សដួលសន្លប់នោះ មិន ទាន់ដឹងថា មកពីមូលហេតុអ្វីនោះទេ ។ ហើយសិស្សរងគ្រោះ ត្រូវបានក្រុមអាជ្ញាធរ បានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ។ លោក អភិបាលបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នោះ មិនមានអ្នក គ្រោះថ្នាក់បាត់បង់ជីវិតទេ។
លោក អភិបាលបន្តថា ក្រោយហេតុការណ៍ភ្លាមៗ ខាងសមត្ថកិច្ច និងអាជ្ញាធរស្រុកកងមាសបានរាយការណ៍ ជូនលោក អភិបាលខេត្តកំពង់ចាម ដើម្បីមានវិធានក្នុងការស្រាវជ្រាវរកមូលហេតុនៃការដួលសន្លប់នោះ៕