CamNews

ព័ត៌មានជាតិ 

អាកាសធាតុត្រជាក់ សម្លាប់ក្តីសង្ឃឹម អ្នករកស៊ីលក់ផ្កាអង្គាសិល្ប៍

-ឆ្នាំនេះ ផ្កាអង្គាសិល្ប៍អាចនឹងឡើងថ្លៃ១ទ្វេជា៣

ភ្នំពេញ៖ នៅសល់តែរយៈ៣ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងចូលមកដល់ ពោលឆ្នាំ នេះបុណ្យចូលឆ្នាំចិន នឹងត្រូវប្រារព្វឡើងនៅថ្ងៃទី ៣០-៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៤។ ដូចជារៀងរាល់ឆ្នាំឲ្យតែជិតដល់ ថ្ងៃបុណ្យចូលឆ្នាំចិន បងប្អូនខ្មែរកាត់ចិន តែងតែរៀបចំគេហដ្ឋាន ទិញគ្រឿងសំណែនផ្សេងៗ ដើម្បីត្រៀមឲ្យរួចរាល់ទុកសម្រាប់ថ្ងៃសែនចិនចូលឆ្នាំ។

យ៉ាងណាមិញផ្កាអង្គាសិល្ប៍ គឺជាវត្ថុដល់សំខាន់ មានជំនឿរបស់បងប្អូនខ្មែរកាត់ចិន ដែលអ្នកខ្លះមិន អាចខ្វះបានឡើយ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន។ ផ្កាអង្គាសិល្ប៍ត្រូវបានប្រជាជនចិនមានជំនឿថា ជាផ្កា នាំសំណាង លាភសក្ការៈ និងសេចក្តីសុខ ដល់ពួកគេនាឱកាសបុណ្យឆ្នាំប្រពៃណីថ្មី ទើបអ្នកដែលមាន សែស្រឡាយចិន តែងតែទិញផ្កាអង្គាសិល្ប៍មកតាំងលម្អ នៅគេហដ្ឋាននារយៈបីថ្ងៃនេះ។

បងប្អូនសែស្រឡាយចិន ខ្មែរកាត់ចិននៅកម្ពុជា ក៏ជឿលើជំនឿនេះដែរ ដោយពួកគាត់ឲ្យតែជិតដល់ ថ្ងៃបុណ្យចូលឆ្នាំចិនម្តង តែងដើររកទិញផ្កាអង្គាសិល្ប៍ ដើម្បីយកមកតាំងលម្អគេហដ្ឋាន ដើម្បីឲ្យនាំ លាភសក្ការៈជូនខ្លួន និងក្រុមគ្រួសារ។

នៅរាជធានីភ្នំពេញ រៀងរាល់ឆ្នាំឲ្យជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិន គេសង្គេតឃើញកន្លែងដែលសំបូរ លក់ផ្កាអង្គាសិល្ប៍ មាននៅម្តុំផ្សារដើរហុយ, តាមបណ្តាលផ្លូវហានណូយ, ត្រើយខាងកើនស្ពានជ្រោយ ចង្វា, ម្តុំវត្តសំពៅមាស, វត្តទួលទំពូង ជាដើម។

តែសម្រាប់ឆ្នាំ២០១៤ គិតមកដល់ថ្ងៃទី២៧ មករា ពោលគឺសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ អ្វីដែលគេគត់ សម្គាល់នោះ ទីតំាងកន្លែងដែលធ្លាប់សម្បូរ ដោយផ្កាអង្គាសិល្ប៍នោះ ហាក់មិនសម្បូរអ្នកលក់ដូចមុន នោះទេ គឺមានចំនួនតិចតួចប៉ុណ្ណោះ។

បើតាមអ្នករកស៊ីលក់ផ្កាអង្គាសិល្ប៍ ជាច្រើនឆ្នាំមកហើយនោះ បានអះអាងថា ឆ្នាំនេះផ្កាអង្គារសិល្ប៍មិន សម្បូរដូចឆ្នាំមុនៗទេ ហើយថែមទាំងមានតម្លៃថ្លៃជាងឆ្នាំមុនទៅទៀត។

អ្នកស្រី ហ៊ុន ហួយ អ្នករកស៊ីលក់ផ្កាអង្គាសិល្ប៍ជាង១០ឆ្នាំ នៅសង្កាត់ភ្នំពេញថ្មី ម្តុំផ្សារដីហុយ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ឆ្នាំនេះមិនត្រឹមតែពិបាករកទិញផ្កាអង្គាសិល្ប៍ប៉ុណ្ណោះទេ ថែមទាំងផ្កាដែលទិញមកខូច មិនចេញផ្កា អស់យ៉ាងច្រើនស្ទើរគ្រប់គ្នា។

អ្នករកស៊ីលក់ផ្កាអង្គាសិល្ប៍ ដែលចំណាយពេលជិត ១សប្តាហ៍ទៅទិញដើមផ្កាអង្គាសិល្ប៍ នៅខេត្ត ពោធិ៍សាត់រូបនេះបន្តឲ្យដឹងទៀត ពីមួយឆ្នាំទៅមួយឆ្នាំដើមផ្កាអង្គាសិល្ប៍ កាន់តែពិបាករកទៅៗ ព្រោះ អ្នកឡើងកាប់ផ្កាអង្គាសិល្ប៍បាននិយាយថា ពួកគេពិបាកឡើងកាប់ខ្លាំងណាស់ ដោយរកកាន់តែឆ្ងាយ ទៅៗ ពោលគឺរាល់ឆ្នាំធ្លាប់តែរកបាននៅភ្នំជិតៗ ត្រឹមតែ៥០គីឡូម៉ែត្រពីភូមិ តែឥឡូវនេះត្រូវរកដល់ភ្នំ ឆ្ងាយៗ ប្រហែល១០០គីឡូម៉ែត្រ ដោយសារតែតំបន់តំបន់ភ្នំជិតៗ រាជរដ្ឋាភិបាលឲ្យក្រុមហ៊ុនអភិវឌ្ឍន៍។

អ្នកស្រីបន្តថា «ការពិបាកទិញ ឡើងកាប់មិនជាបញ្ហាអ្វីប៉ុន្មានទេ សម្រាប់ឆ្នាំនេះ តែបញ្ហាអាកាសធាតុ ត្រជាក់វិញ បានធ្វើឲ្យអ្នករកស៊ីលក់ផ្កាអង្គាសិល្ប៍បាក់ទឹកចិត្ត អស់ក្តីសង្ឃឹម និងរួមទាំមខាតបង់អស់ ប្រាក់ជាច្រើនទៀត ព្រោះផ្កាដែលខំទៅទិញដល់ឆ្ងាយមកហើយ អត់ចេញផ្កាទៀត ដូច្នេះខាតឡុង ចុងហើយឆ្នាំនេះ»។

អ្នកស្រី ហ៊ុន ហួយ ដែលចំណាយប្រាក់ជាច្រើនពាន់ដុល្លារ ដើម្បីទៅទិញផ្កាអង្គាសិល្ប៍ នៅខេត្តពោធិ៍ សាត់បាននិយាយទៀត បញ្ហាអាកាសធាតុត្រជាក់នេះជាបញ្ហាធំ ខណៈបង្ហាញមួយទៀត ដែលជះឥទ្ធិ ពល ដល់ផ្កាអង្គាសិល្ប៍ដែរ នោះ គឺឆ្នាំនេះ បុណ្យចូលឆ្នាំចិនឆាប់ជាងរាល់ៗឆ្នាំ ពោលគឺឆ្នាំមុនៗ ចូល ឆ្នាំចិន ធ្វើឡើងនៅពាក់កណ្តាលខែកុម្ភះ ឬចុងខែកុម្ភះ ប៉ុន្តែឆ្នាំនេះ ធ្វើនៅចុងខែមករា លឿនជាងរាល់ៗ ឆ្នាំ។

អ្នករកស៊ីលក់ផ្កាអង្គាសិល្ប៍ ដែលរួមដំណើរជាមួយនឹង អ្នកភូមិជាច្រើននាក់ទៀត បន្តទៀតថា «ឆ្នាំនេះ ខ្ញុំបានចំណាយលុយ ៤ពាន់ដុល្លារ ទិញផ្កាអង្គាសិល្ប៍មកលក់ តែផ្កាដែលទិញមកមិនចេញផ្កាទេ ពោល គឺខូចខាតប្រមាណ ៩៥ភាគរយ។ មិនមែនតែខ្ញុំទេ ដែលខូចខាតបែបនេះ គឺអ្នកដែលទៅទិញដូចគ្នា ផ្សេងៗទៀត សុទ្ធតែខាតបង់ដូចខ្ញុំដែរ»។

អ្នកស្រីបញ្ជាក់ទៀតថា «ឆ្នាំនេះ តម្លៃផ្កាអង្គាសិល្ប៍នឹងឡើងថ្លៃ ១ទ្វេ ៣ ដោយសារតែ ផ្កាអង្គាសិល្ប៍ មានតិច និងម៉្យាងទៀតឆ្នាំនេះជាគម្រប់ឆ្នាំទី១០ ដែលបងប្អូនសែស្រឡាយចិនត្រូវសែនធំ ដូច្នេះពួក គាត់ត្រូវការសែនផ្កាអង្គាសិល្ប៍ជាចាំបាច់»។

លោក ម៉េង ឡាយ ជាកូនខ្មែរកាត់ចិនដែលជារៀងរាល់ឆ្នាំតែងតែ ទិញផ្កាអង្គាសិល្ប៍ដាក់តាំង នៅផ្ទះ ថ្ងៃបុណ្យចូលឆ្នាំចិន បានប្រាប់ឲ្យដឹងថា ផ្កាអង្គាសិល្ប៍គឺស្ថិតក្នុងជំនឿអមតៈ របស់ជនជាតិចិន ដោយ ពួកគេជឿជាក់ថា ជា ផ្កានាំសំណាង ប្រសិនបើថ្ងៃចូលឆ្នាំចិន ផ្កាអង្គាសិល្ប៍រីកច្រើនល្អគឺ បានសេចក្តីថា ឆ្នាំនេះពួកគេ នឹងរកស៊ីមានបាន ប្រាក់ហូរហៀរ តែប្រសិនបើផ្កានោះរីកមិនសូវល្អ ការរកស៊ីនៅឆ្នាំនេះ ក៏ទៅតាម ហ្នឹងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ