CamNews

ព័ត៌មានជាតិ 

លោក អាន វណ្ណៈ ត្រូវអភិបាលខេត្តដេញចេញ កណ្តាលអង្គប្រជុំ នៅមុខមហាជន ព្រោះរវល់ខ្សឹបខ្សៀវគ្នា

បន្ទាយមានជ័យ ៖ លោក អាន វណ្ណៈ ប្រធានស្នាក់ការ ត្រួតពិនិត្យច្រកទ្វារ អន្តរជាតិប៉ោយ ប៉ែតបានទទួល រងការអាម៉ាស់យ៉ាងខ្លាំង ចំពោះមុខមហាជន គ្រប់ជាន់ថ្នាក់ នៅសាលប្រជុំ នៃភោជនីយដ្ឋាន ពន្លឺនាគទិព្វ ក្រុងប៉ោយប៉ែត ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរភូមិ ឃុំ/ សង្កាត់ ស្រុក/ក្រុងចំនួន ៣ មានមនុស្សចូលរួមជាង ២០០នាក់ ក្រោយពីអភិបាល ខេត្តបន្ទាយមានជ័យថ្មី ចូលកាន់តំណែង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ព្រោះតែរឿងរវល់ខ្សឹបខ្សៀវគ្នា មិនយកត្រចៀកស្តាប់ ថ្នាក់ដឹកនាំមានប្រសាសន៍ ។

អភិបាលខេត្តបន្ទាយមានជ័យថ្មី លោក គោស៊ុំ សារឿត បានថ្លែងថា  ចាប់ពីចំណុចក្បាលស្ពាន មិត្តភាព កម្ពុជា-ថៃ រហូតដល់ចំណុចរង្វង់មូល មិនត្រូវអនុញ្ញាត ឲ្យរថយន្តដឹកហ្គាស ចតទាំងយប់ ទាំងថ្ងៃទេ លោក អាន វណ្ណៈ និងខាងនគរបាល អន្តោប្រវេសន៍ត្រូវសហការគ្នា ដោះស្រាយ បញ្ហានេះ និងរៀបចំសណ្តាប់ ធ្នាប់ឲ្យបានល្អ បើមិនដូច្នោះទេ រថយន្តដឹកហ្គាស និងរថយន្តដឹក ទំនិញមកពីថៃផង ធ្វើឲ្យស្ទះណែនពេញផ្លូវ រីឯភ្ញៀវទេសចរ ឆ្លងដែនពីថៃចូលមកកម្ពុជា គឺពួក គាត់គ្មានផ្លូវដើរ និងអូសវ៉ាលីទេ ។

ខណៈនោះ លោក អាន វណ្ណៈ ហាក់គ្មានយកត្រចៀកស្តាប់ ប្រធានអង្គប្រជុំសោះ បែរជារវល់ ឈ្ងក់ក្បាល ខ្សឹបខ្សៀវគ្នាធ្វើព្រងើយ ភ្លាមនោះធ្វើឲ្យលោក គោស៊ុំ សារឿត អភិបាលខេត្ត បន្ទាយមានជ័យថ្មី ខឹង សម្បារយ៉ាងខ្លាំង និងបានឲ្យលោក អាន វណ្ណៈ ក្រោកឈរ ហើយសួរថា មុននេះខ្ញុំនិយាយថាម៉េច ? លោក អាន វណ្ណៈ បានត្រឹមតែឈរអេះអុញ និងឆ្លើយតាមគេបោះ ព្រីយុងឲ្យ ។ លោកអភិបាលបានព្រមាន ថា បើលោក អាន វណ្ណៈ មិនស្តាប់ទេ សូមចេញទៅក្រៅ ឲ្យបាត់ទៅ ព្រោះខ្ញុំ មកប្រជុំថ្ងៃនេះ គឺរឿងច្រកទ្វារ របស់លោកឯង ហើយបើលោកមិនធ្វើការ ជូនប្រជាពលរដ្ឋ តើលោកស៊ីប្រាក់ខែរដ្ឋធ្វើអ្វី ? ចង់បានតំណែង ធំ តែអត់ធ្វើការ ?

នេះគឺជាលើទីមួយហើយ ដែលមានអភិបាល ខេត្តបន្ទាយមានជ័យ ហ៊ានព្រមានដល់មន្ត្រី របស់ ខ្លួនកណ្តាល ហ្វូងមហាជនបែបនេះ ។ តែបើទោះបីជា បែបណានោះ នេះគឺជាការកែលម្អ ដុស ក្អែល និងស្រឿសរសៃចំពោះភាពអសកម្មរបស់មន្ត្រីមួយចំនួន ដើម្បីភាពរីកចម្រើនតែប៉ុណ្ណោះ៕

លោក អាន វណ្ណៈ ត្រូវអភិបាល ខេត្តបន្ទាយមានជ័យ ដេញចេញពីអង្គប្រជុំ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ