CamNews

ព័ត៌មានជាតិ 

អភិបាល ខណ្ឌដូនពេញ ដឹកនាំកម្លាំង សមត្ថកិច្ច ចុះធ្វើរដ្ឋបាល ទាំងយប់ ចូលរួមទប់ស្កាត់ បទល្មើស

ភ្នំពេញៈ ប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌដូនពេញ លោក គួច ចំរើន នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ នេះ បានបើកយុទ្ធនាការ ដឹកនាំកម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ និងប្រជាការពារខណ្ឌ ព្រមទាំងអាជ្ញាធរ មូលដ្ឋាន ចុះធ្វើត្រួតពិនិត្យ រដ្ឋបាលនៅតាមបណ្តោយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

យុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលតាមរយៈ ការឆែកអាវុធជាតិផ្ទុះ  ក៏ដូចជាការពង្រឹង ច្បាប់ចរាចរផ្លូវគោក របស់អាជ្ញាធរខណ្ឌដូនពេញខាងលើនេះ ធ្វើឡើង ដើម្បីចូលរួម ការទប់ស្កាត់បទល្មើស បង្កើតបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរជាដើម។

ទិដ្ឋភាពជាក់ស្តែងនៅការត្រួតពិនិត្យរបស់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើឡើងក្រោយពីសកម្មភាព ប្លន់ ដូចជាករណីផ្ទុះអាវុធបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារយៈពេលចុងក្រោយនេះ។

កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងប្រជាការពារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកគួច ចំរើន បាននាំគ្នាឈរ ជាជួរចំកណ្តាលទ្រូងផ្លូវ ហើយស្ទាក់ត្រួតពិនិត្យម៉ូតូដែលមើលទៅមានការសង្ស័យ ព្រមទាំងរថយន្ត ហើយធ្វើការ ត្រួតពិនិត្យយ៉ាងល្អិតល្អន់ជាទីបំផុត។

លោកគួច ចំរើន បានគូសបញ្ជាក់ថា យុទ្ធនាការពិនត្យរដ្ឋបាលនៅតាមផ្លូវទីសារធាណៈក្នុងទឹកដីខណ្ឌដូនពេញ នឹងធ្វើឡើងជាបន្តបន្ទាប់ក្នុងគោលបំណង បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជួនប្រជាពលរដ្ឋ មិនថាតែនៅខណ្ឌដូនពេញនោះទេ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញទាំងមូលតែម្តង។

ការចុះត្រួតពិនិត្យរដ្ឋបាលខាងលើនេះក៏បានចូលរួមចំណែកយ៉ាងច្រើនពីសកម្មភាពរបស់ក្រុមជនល្មើស ដែលពួកគេមិនអាច ធ្វើ ឬក៏ប្រព្រឹត្តនៅទីតាំងណាមួយនោះឡើយ ពីព្រោះនិងមានការជួយអន្តរាគម ក៏ដូចជាការស្ទាក់ ចាប់បានភ្លាមៗ ពីសំណាក់កម្លាំងសមត្ថកិច្ចដែលឈរនៅតាមគោលដៅ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP