CamNews

ព័ត៌មានជាតិ 

លទ្ធផល ៤ប្រកួត​ចុង​ក្រោយ មុន​ក្រុម​ម្ចាស់​ផ្ទះ​ប៉ះ​ ណាហ្គា ស្អែក​នេះ

ភ្នំពេញ៖ មុនជំនួបវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Hun Sen-Cup លើកទី៩ រវាងក្រុមម្ចាស់ផ្ទះ ខេត្តស្វាយរៀង  និងក្រុម ណាហ្គា វើល ចាប់ផ្ដើមល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ស្អែកនេះ គេហទំព័រកម្សាន្ត Looking TODAY សូមបង្ហាញ ពីលទ្ធផលនៃជំនួប៤លើកចុងក្រោយរវាងក្រុមខ្លាំងទាំង២ជូនជ្រាបបន្តិចសិន ។

លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមបាល់ទាត់ ខេត្តស្វាយរៀង  បានថ្លែងប្រាប់មុននេះបន្ដិចថា ស្វាយរៀង  និងគូប្រជែង ណាហ្គាវើល ធ្លាប់មានប្រវត្តិជួបគ្នាជាច្រើនដងមកហើយ ពោលគឺចាប់តាំងពីក្លឹបស្វាយរៀង នៅមានឈ្មោះជាក្រុមព្រះ ខ័នរាជមកម្ល៉េះ ហើយលោកក៏មិនចាំលទ្ធផលទាំងអស់នោះដែរ ប៉ុន្ដែលោកគ្រាន់តែជម្រាបពីលទ្ធផលខ្លះៗដែលក្រុម ទាំងពីរជួបគ្នាកាលពីពេលថ្មីៗកន្លងទៅ ។

គ្រូបង្វឹកជួយឲ្យស្វាយរៀងលើកពាន Hun Sen-Cup ២រដូវកាលជាប់គ្នាកាលពីឆ្នាំ២០១១ និង២០១២រូបនេះបាន បន្ដថា “ខ្ញុំចាំបានថា  លទ្ធផល៤ប្រកួតចុងក្រោយ ដែលស្វាយរៀង នឹងក្រុមណាហ្គាវើល ជួបគ្នា តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៤ រហូដល់ពេលនេះគឺខ្ញុំចាំបាន៣ប្រកួតដែរក្នុងនោះជួបគ្នាកាលពីខែវិច្ឆិកា ក្រុមខ្ញុំ(ស្វាយរៀង)ចាញ់ណាហ្គា ២-១ ប៉ុន្ដែដល់ជួបគ្នាម្ដងទៀតនៅខែធ្នូ ឆ្នាំ២០១៤ ក្រុមខ្ញុំបានយកឈ្នះវិញក្នុងលទ្ធផល ៥-១ ។

តែដល់ពេលជួបគ្នាក្នុងវគ្គជម្រុះពូល D លើកចុងក្រោយកាលពីចុងខែមករាកន្លងទៅ ក្រុមទាំង២ បានបញ្ចប់ការប្រកួត ដោយលទ្ធផល ស្មើគ្នា ១-១” ។

ទោះជាយ៉ាងនេះក្ដី គ្រូបង្វឹកដែលបរាជ័យក្នុងការសុំលាឈប់ធ្វើគ្រូបង្វឹកស្វាយរៀងនេះបានបន្ថែមថា លទ្ធផលខាងលើ គឺជាលទ្ធផលពីមុន ប៉ុន្ដែសម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រថ្ងែស្អែក (ថ្ងៃទី១៤ កុម្ភៈ) ស្វាយរៀងមានជំនឿចិត្តថា នឹងយកឈ្នះ លើណាហ្គាវើលឲ្យបាន គឺមានសង្ឃឹមរហូតដល់ ៨០% ឯណោះ (លោក វ៉ាន់ដេត បញ្ជាក់) ។

បុរវ័យ៣៥ឆ្នាំរូបនេះ បានអះអាងទៀតថា មកដល់ពេលនេះ កីឡាករស្វាយរៀងគ្រប់រូបសុទ្ធតែមានសុខភាពល្អ និងបាន ត្រៀមកម្លាំងកាយ និងកម្លាំងចិត្តរួចជាស្រេច ដើម្បីដណ្ដើមជ័យជំនះក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែក ដោយលោកបានសង្កត់ធ្ងន់ថា “រាល់ការប្រកួតទាំងអស់ ខ្ញុំសង្ឃឹមឈ្នះ ៨០% ជានិច្ច ប៉ុន្ដែលើកនេះគួបផ្សំ ជាមួយការធ្វើម្ចាស់ផ្ទះ គឺកាន់តែធ្វើឲ្យមានជំនឿចិត្តយកឈ្នះកាន់តែច្រើន ជាពិសេសគឺការគាំទ្រពីសំណាក់បង ប្អូនខេត្តស្វាយរៀង និងអ្នកគាំទ្រគ្រប់ទិសទីតែម្ដង” ។

ទន្ទឹងជាមួយគ្នានោះដែរលោក មាស ចាន់ណា ដែលជាគ្រូបង្វឹកក្រុមណាហ្គាវើល រួមទាំងកូនក្រុមរបស់លោក ក៏សុទ្ធ តែ ប្ដេជ្ញាចិត្តខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជំនះ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់លំដាប់ទី២របស់ព្រះ រាជាណាចក្រកម្ពុជានេះដូចៗគ្នាដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Naga