CamNews

ព័ត៌មានជាតិ 

ទាស់សំដីគ្នាតាមទូរស័ព្ទ ណាត់គ្នាកាប់ប្រហារ ដូចក្នុងរឿងចិន

ភ្នំពេញ ៖ យុវសិស្សឈាមរាវ២ក្រុម បានណាត់ជួបគ្នាកាប់ ដូចរឿងហុងកុង នៅមុខសាលារៀនវ៉េសឡាញ ដោយប្រើដាវសាំម៉ារ៉ៃ ទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង​៣០នាទីល្ងាច ថ្ងៃទី៣០ តុលា ២០១៥ នៅតាមបណ្ដោយផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយចុងក្រោយ ២នាក់ដេកពេទ្យ រីឯ២នាក់ទៀតជាប់ខ្នោះសមត្ថកិច្ច ។

ប្រភពពីសមត្ថកិច្ចខណ្ឌដូនពេញ បានឲ្យដឹងថា យុវជន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ុ សុចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សសាលាវ៉េសឡាញ និងឈ្មោះ មុត ពុធភារក្ស អាយុ២២ឆ្នាំ ។ ទាំង​២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AY-2307 ។ ចំណែកជនរងគ្រោះ២នាក់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកធ្វើការសាកសួរដែរឈ្មោះ ប៊ុត សីហា ភេទប្រុស អាយុ១៨ឆ្នាំ បានរងរបួសដៃឆ្វេង ដោយសារកាប់នឹងដាវ និងឈ្មោះ ចាន់ សុថាន់ ភេទប្រុស អាយុ១៩ឆ្នាំ បានរងរបួសដៃស្តាំដោយសារជនបង្កជិះម៉ូតូបំបុកផ្តួលម៉ូតូ ។ ទាំង២នាក់គឺជាសិស្សសាលាវ៉េសឡាញ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CV-6147 ។

ប្រភពពីជនរងគ្រោះទាំង២នាក់បានឲ្យដឹងថា កាលពីយប់ពួកគេបានទាស់គ្នាតាមទូរស័ព្ទ ហើយក៏បានណាត់ថាបើខ្លាំងមកកាប់គ្នានៅមុខសាលា ស្រាប់តែនៅម៉ោង៥ល្ងាច ពេលចេញពីសាលាក៏ឃើញគូបក្ខដិបក្ខមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងសុទ្ធតែម៉ាកហុងដាសេ១២៥មកដល់ ហើយសួរខ្លួនថា ហ្អែងចង់ម៉េចហា ពេលនោះស្រាប់តែបក្ខពួករបស់គេម្នាក់បានដកដាវកាប់មកលើរូបគេបណ្តាលឲ្យរងរបួសដៃឆ្វេង ខណៈនោះមិត្តភក្តិខ្លួនម្នាក់ទៀតភ័យក៏បម្រុងជិះម៉ូតូគេចខ្លួនតែត្រូវបក្ខពួកគេជិះម៉ូតូបំបុកដួលបណ្ដាលឲ្យរងរបួសដៃស្ដាំ ។

ប្រភពពីយុវជន២នាក់ទៀត ដែលសមត្ថកិច្ចចាប់ខ្លួនដែរនោះបានឲ្យដឹងថា ៤នាក់ដែលជិះម៉ូតូគេចខ្លួនបាត់នោះពួកគេមិនដែលស្គាល់ទេ ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុពួកគេ២នាក់ជិះម៉ូតូ១គ្រឿង មកមុខសាលាបំណងសួរនាំឲ្យដឹងរឿង ខណៈមកដល់ជួបគូបក្ខដិបក្ខ ទើបតែសួរនាំបាន២-៣ម៉ាត់ ស្រាប់តែមានមនុស្ស៤នាក់ជិះម៉ូតូ២​គ្រឿងមកដល់ទាញដាវកាប់គូបក្ខដិបក្ខរបស់ខ្លួន ពេលនោះខ្លួនមានភ័យយ៉ាងខ្លាំងក៏ជិះម៉ូតូគេចខ្លួន តែដោយភ័យពេកក៏ជិះទៅបុកម៉ូតូរ៉ឺម៉កកង់បីដួល ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។ យុវជន២នាក់នេះបានឲ្យសមត្ថកិច្ចដឹងទៀតថា ៤នាក់នោះជាអ្នកកាប់ ហើយពួកគេមិនដែលស្គាល់ពួកគេទេ ។

ក្រោយកើតហេតុ យុវសិស្សទាំង២ក្រុម ត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ ដើម្បីធ្វើការសាកសួរ និងបញ្ជូនជនរងគ្រោះ២នាក់ ទៅលាងរបួសនៅមន្ទីរពេទ្យផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល


Tags: Social News Cambodia PP