CamNews

ព័ត៌មានជាតិ 

កាកបាទក្រហមខេត្តស្វាយរៀង ទទួលបានថវិកាពីសម្បុរសជន ៣០ម៉ឺនដុល្លារ ក្នុងថ្ងៃប្រារព្ធទិវាកាកបាទក្រហម

(ស្វាយរៀង)៖ កាកបាទក្រហមកម្ពុជាសាខាខេត្តស្វាយរៀង បានប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទអឌ្ឍចន្ទ័ក្រហមក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ដោយទទួលបានថវិកាពីសប្បុរសជននានាប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។

ទិវាពិភពលោកកាកបាទអឌ្ឍចន្ទ័ក្រហម ដែលប្រារព្ធធ្វើឡើងនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្នសភាព្រទ្ធឹសភា និងអធិការកិច្ច រួមនិងថ្នាក់ដឹកនាំ មន្រ្តីកាកបាទក្រហម ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនឯកជនមួយចំនួនទៀត។

លោកស្រីឧបនាយករដ្នមន្ត្រី ម៉ែន សំអន បានថ្លែងអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ ចូលរួមបរិច្ចាគធនធានហិរញ្ញវត្ថុឲ្យកាន់តែច្រើនថែមទៀត ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌​ របស់កាកបាទក្រហមកម្ពុជា ក្នុងន័យ លើកកម្ពស់នូវវប្បធម៌ចែករំលែក និងដើម្បីឱ្យប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» នេះ ទទួលបានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត។

លោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុ​ណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមប្រារព្ធទិវាពិភពលោកកាកបាទអឌ្ឍចន្ទ័ក្រហម និងចូលរួមចែករំលែកថវិកាផ្ទាល់​ខ្លួន សម្រាប់​ជា​ប្រយោជន៍​ទ្រទ្រង់ ​ដល់​សកម្មភាពមនុស្សធម៌ នៃកាកបាទ​ក្រ​ហម​​​កម្ពុជា សាខា​​​ខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច ព្រមទាំងអ្នកមានធនធានចូលរួមក្នុងយុទ្ធនាការផ្តល់ទឹក ជូនប្រជាពលរដ្ឋ នៅក្នុង​ខេត្តស្វាយរៀង ដែលកំពុងប្រឈមការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ លោកស្រី ម៉ែន សំអន បានជំរុញឲ្យ​សម្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅខេត្តស្វាយរៀង ត្រូវសស្រាក់សស្រាំ​ជួយ​ប្រជាពលរដ្ឋ រួមទាំងកាកបាទ​ក្រហមកម្ពុជា យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងបណ្តាកម្លាំងមនុស្សធម៌​ដទៃទៀត សម្បុរសជននានា រួមគ្នា​សាមគ្គីជួយ​ប្រជាពល​រដ្ឋ ក្នុងយុទ្ធនាការផ្តល់ទឹកនេះ ក្រកបដោយប្រសិទ្ធភាពខ្ពស់៕

 



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Svey reang Social news Local news