CamNews

តារា 

ការធ្លាក់របស់បក្ខនារី ម៉ង់ ចាន់កញ្ញា ពី «Cambodian Idol» ជាការបំផ្លាញសមត្ថភាព និងអារម្មណ៍អ្នកគាំទ្រ

(ភ្នំពេញ)៖ មានការខកចិត្តមិនតិចនោះទេ នៅពេលដែលបេក្ខនារីមានសំឡេងល្អ និងសមត្ថភាពទេពកោសល្យនាង ម៉ង់ ចាន់កញ្ញា បានជ្រុះចេញពីកម្មវិធី «Cambodai Idol» រដូលកាលទីបី នារាត្រីថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៦ ដោយបានបន្សល់ទុក នូវភាពសោកស្តាយមិនគួរឲ្យជឿ ខុសពីការរំពឹងទុកថា នាងនឹងរួចឆ្លងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

ទាំងនេះ ជាការប្រហារឱកាស ដែលនាងចង់បាន តាមរយ:សំឡេងបោះឆ្នោត ដែលមិនអាចតតាំងបានធ្វើឲ្យអ្នកល្អៗជាច្រើន ត្រូវចុះចាញ់ទាំងនឹកស្រណោះបំផុត។ គ្មានការតវ៉ាអ្វីបានទៀតទេ ពេលនេះ បេក្ខនារី ម៉ង់ ចាន់កញ្ញា ដែលតែងតែបត់បែនសំឡេង គ្រប់ស្ថានភាព វិញ្ញាសាប្រឡង រហូតចាត់ទុកថា ជាអ្នកពូកែម្នាក់ដែលគេកត់សម្គាល់ថា អាចបាញ់ឆ្ពោះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គផ្តាច់ព្រ័ត្រ ព្រោះតាំងពីប្រកាសលទ្ធផលម្តងៗ នាងជាប់ក្នុងលំដាប់លេខរៀងមួយល្អរហូត។

ការស្មានមិនដល់ បានកើតឡើង ចំពោះនាង រហូតត្រូវចាកចេញពីការប្រកួត ព្រោះតែសំឡេងបោះឆ្នោតតិចជាងគេ ខណ:ដែលនាងច្រៀងក្នុងវគ្គចុងក្រោយនេះ ធ្វើបានល្អទាំងព្រមតែម្តង គ្មានឆ្គង ចេញមកមិនប្រឹងបែបធម្មជាតិទាំងស្រុង ដែលអ្នកស្រឡាញ់គាំទ្រនាងគិតថា មិនបារម្ភរឿងធ្លាក់ទេ គឺឆ្លងផុតទៀតហើយ សូម្បីតែគណ:កម្មាការទាំងបួនរូប នៅតែសរសើ ពីទេពកោសល្យនាងវិវត្តន៍រហូត។

ម៉្លោះហើយការបញ្ចប់សមត្ថភាព របស់ ម៉ង់ ចាន់កញ្ញា តាមរយ:សំឡេងសារនេះ បានធ្វើឲ្យអារម្មណ៍អ្នកទស្សនា អ្នកគាំទ្រនាង និងគណ:កម្មាការមានការសោកស្តាយ មិនគួរណាត្រូវទៅជាបែបនេះ ស្របពេលគេមើលឃើញថា ក្នុងចំណោមអ្នកជាប់ទៅវគ្គបន្តទៀត មានម្នាក់មើលទៅខ្វះចន្លោះជាងគេ ច្រៀងបានតែសំឡេង តែមិនចេះបន់បែនតាមកាល:ទេស:ចម្រៀង។

យ៉ាងណាមិញ ក្នុងការប្រឡងសប្តាហ៍ទី៧យប់មិញនេះ ពិធីករនិងពិធីការិនី ព្រមទាំងគណកម្មាការទាំង៤រូបសុទ្ធតែ បានបង្ហាញនូវអារម្មណ៍ព្រួយចិត្ត ខ្លាចក្រែងអ្នកផ្ញើសារ បោះមិនចំគោលដៅ ព្រោះតែភាពកម្សត់ ឬភាពអាណិតបេក្ខជន នៅពេលដឹងថា បេក្ខជនមួនីយៗមានប្រវត្តិបែបណា។ ប៉ុន្តែការធ្វើបែបនេះ ពិតជាខូចដល់អ្នកល្អៗ មានសំឡេង និងទេពកោសល្យ ព្រោះនេះជាការផ្តោតលើសំឡេង និងការឆ្លាតវៃច្នៃប្រឌិត បែបសិល្ប:ឲ្យទាក់ទាញ។

ផ្ទុយទៅវិញ បើបោះឆ្នោតជាប់តែអ្នកស្ទើរទេពកោសល្យ ហើយចេះតែជាប់ទៅៗ ព្រោះតែអាណិត រួចស្រួលមិនស្រួល ឈានទៅលើកពាននោះ ជារឿងមួយខ្វល់ចិត្ត ខ្លាចតែថ្ងៃក្រោយអ្នកជាប់នោះ មិនមានអ្វីល្អ អន់ អត់មានសន្ទុះរីកចម្រើន បែរជាមកបន្ទោសស្ថានីយ៍ និងគណកម្មាការ ។អ៉ីចឹងហើយការធ្លាក់អ្នកខ្លាំង ព្រោះសំឡេងឆ្នោត គឺមកពីអ្នកបោះផ្ញើទៅតែបេក្ខជន មានប្រវត្តិបែបកម្សត់ៗ ភ្លេចគិតលើអ្នកល្អ ពិតប្រាកដ ដែលនេះជាការគិតឡើងវិញ ចំពោះអ្នកផ្ញើសារគិត លើសមត្ថភាពជាចម្បង ជាងការអាណិត។

គ្រាប្រកាសធ្លាក់ ធ្វើឲ្យគណ:កម្មាការស្រឡាំងកាំង ទប់អារម្មណ៍មិនបាន ងាកទៅ ឱក សុគន្ឋកញ្ញា វិញរលីងរលោងទឹកភ្នែក ស្តាយអ្នកល្អនិងជាសិស្សចេញពីសាលាវិចិត្រសិល្ប:ទៀត។ លោក ណុប បាយ៉ារិទ្ធ ដែលដឹងពីទេពកោសល្យ ម៉ង់ ចាន់កញ្ញា បានសម្តែងការសោកស្តាយ ដោយនិយាយថា ពួកបងនៅតែពេញចិត្តសមត្ថភាពប្អូន និងដឹងថាប្អូន ជាបេក្ខនារីល្អម្នាក់ យូរមកហើយ តែនេះព្រោះតែសារបោះឆ្នោត ពួកបងគ្មានអ្វីតវ៉ាបាន មានតែជូនពរប្អូនឲ្យរឹងមាំ កុំចុះចាញ់បរាជ័យមួយនេះ ខណ:ដែលអ្នកគាំទ្រប្អូន នៅតែពេញចិត្ត។ បេក្ខជនដែលជាប់បន្ត នឹងឆ្លងដល់វគ្គពាកលកណ្តាលផ្តាច់ព្រ័ត្រ នៃសប្តាណ៍ទី៨ដែលធ្វើឡើង នៅយប់ថ្ងៃអាទិត្យទី១៨ធ្នូ២០១៦ក្នុងនោះ មានដូចជា ឈិន ម៉ានិច្ច, នាង ប្រាក់សុគន្ធ, កញ្ញា ហ៉ិន លីដា, រស់ ព្រួយ និងនួន សុធារក្ស៕

 

 

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង