CamNews

ព័ត៌មានជាតិ 

Update: ស្គាល់អត្តសញ្ញាណក្មេងស្ទាវ ដែលប្រើពាក្យសម្តីសម្លុតលោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា

(ភ្នំពេញ)៖ ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ដោយស្រែកថា «ហ្អែងដឹងថាអញកូននរណាអត់» ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺជាកូនប្រុសលោកវេជ្ជបណ្ឌិត (Doctor) នៅខណ្ឌសែនសុខ និងរូបគេជាមន្រ្តីយោធាផងដែរ។ នេះបើយោងតាមមន្ត្រីអាវុធហត្ថមួយរូបថ្លែងប្រាប់ អង្គភាពសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកានេះ។

ក្មេងស្ទាវរូបនេះមានមិត្តភក្តិមួយចំនួន សុទ្ធតែកូនអ្នកធំ និងអ្នកមានផងដែរ ដែលមានគណនី Facebook ឈ្មោះ «Ya Ko Sa (Me Phea)»។ មូលហេតុដែលរូបគេបានប្រើពាក្យសម្តីបែបនេះដោយសារតែស្រវឹងខ្លាំង។ នៅពេលនេះក្មេងស្ទាវខាងលើ កំពុងស្ថិតក្រោមការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា ​ក្មេងស្ទាវឈាមរាវម្នាក់ទំនងជាកូនអ្នកធំ ឬកូនអ្នកមានទ្រព្យសម្បត្តិ ដែលមានអាការ:ស្រវឹងស្រាខ្លាំង បានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់​ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍​ពីកម្លាំងអាវុធ​ហត្ថខណ្ឌ ចុះទៅតាមចាប់យក​ទៅដោះស្រាយតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានប្រាប់ Fresh News នៅក្រោយកើត​ហេតុភ្លាមៗថា មុនពេលកើតហេតុ រថយន្តរបស់​ជននេះបានបើកថយហើយពេល​នោះប៉ះរថយន្ត​របស់លោក លោកក៏​ចុចសីុផ្លេ។ ស្រាប់តែជននេះ ដែលមានអាយុជាង២០ឆ្នាំ អាចធ្វើជាកូនលោកបាននោះ ក៏ស្រាប់តែចុចកញ្ចក់ ហើយស្រែកមកលោកថា «ឡានអញបុកឡាន​ហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ​? ចាំមើលអញ​បើកបុកហ្អែង!»។ មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្ត ទៅបុកលោក និងអង្គរក្សមួយទំហឹងតែសំណាងល្អលោកលោតទាន់ ហើយបើករត់ពេលនោះ លោកបើករថយន្តដេញតាម រហូតទាន់ហើយ ដកកាំភ្លើងភ្ជង់ រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ក៏ឃាត់យកទៅខណ្ឌភ្លាមៗតែម្តង។

លោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានអំពាវនាវ និងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍​អោយសោះ ព្រោះករណីនេះ សូមទុកអោយសមត្ថកិច្ច និងតុលាការចាត់ការ​តាមនីតិវិធីច្បាប់ចុះ៕ (សូមមើលវិដេអូ)៖


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh