ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥នេះ បានថ្លែងឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យលើនាវាបរទេសទាំងឡាយណា ដែលបានដាក់ទង់ជាតិខ្មែរ។
ការថ្លែងបញ្ជារបស់នាយករដ្ឋមន្រ្តីនេះ ដោយសារតែមាននាវាបរទេសភាគច្រើន ដែលបានដាក់ទងជាតិរបស់ខ្មែរ បង្កឲ្យមានបញ្ហាកើតឡើងជាញឹកញាប់ ហើយបង្កឲ្យមានបញ្ហាអសកម្ម ដែលប៉ះពាល់កិត្តិយសកម្ពុជា ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១០ កក្កដា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យធ្វើការសិក្សាឡើងវិញ នូវផលប្រយោជន៍ និងផលប៉ះពាល់ពីការអនុញ្ញាត ឲ្យនាវាបរទេសប្រើប្រាស់ទង់ជាតិកម្ពុជា នាពេលកន្លងមក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្រ្តី ទើបតែចេញផ្សាយនៅព្រលប់ថ្ងៃដដែលនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្រ្តីបានថ្លែងឲ្យដឹងដែរថា កន្លងមក មាននាវាពាណិជ្ជកម្មមួយចំនួន បានលួចដាក់ទង់ជាតិកម្ពុជា ដោយគ្មានការអនុញ្ញាត ហើយបានធ្វើឲ្យកម្ពុជាស្អុយឈ្មោះ ក្នុងឆាកអន្តរជាតិ ទើបសម្តេចតេជោ ឲ្យពិនិត្យឡើងទាំងនាវា ដែលបានអនុញ្ញាតឲ្យដាក់និងគ្មានការអនុញ្ញាត។
លោកបន្តថា “ដើម្បីបញ្ចប់នូវអ្វី ដែលបានវាយតម្លៃអាក្រក់មកកម្ពុជា ក្នុងបញ្ហានាវាពាណិជ្ជកម្ម ដាក់ទង់ជាតិខ្មែរនេះ”។
លោកបន្ថែមថា កន្លងមកមាននាវានា ពាណិជ្ជកម្មបរទេសមួយចំនួន បានប្រព្រឹត្តអំពើល្មើសច្បាប់ ដែលមិនព្រមអនុវត្ត តាមច្បាប់នេសាទដែនសមុទ្រ និងច្បាប់ចរាចរណ៍ក្នុងដែនសមុទ្រ នៅក្នុងតំបន់អឺរ៉ុ បានឃាត់នាវា ដែលបានដាក់ទង់ជាតិខ្មែរទាំងនោះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល