CamNews

ព័ត៌មានជាតិ 

មេធាវីកម្មសិក្សា ៥៤រូប បានក្លាយជាមេធាវី ពេញសិទ្ធិ ក្រោយ សម្បថ នៅសាលាឧទ្ធរណ៍

ភ្នំពេញ៖ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ បានដឹកនាំកម្មសិក្សាមេធាវីចំនួន៥៤រូប ចូលស្បថមុខចៅក្រម សាលាឧទ្ធរណ៍ បំពេញលក្ខខ័ណ្ឌតាមផ្លូវច្បាប់ ដើម្បីក្លាយខ្លួនជាមេធាវីពេញសិទ្ធិ។

ក្នុងសវនាកាសាលាឧទ្ធរណ៍ លោកចៅក្រម ញូង ធុល ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាឧទ្ធរណ៍ បានមានប្រសាសន៍ថា តាមនីតិវិធីច្បាប់មុន និងក្លាយខ្លួនជាមេធាវីពេញសិទ្ធិ កម្មសិក្សាមេធាវីដែលបានបញ្ចប់ការសិក្សា ត្រូវតែចូលស្បថដើម្បីបំពេញ លក្ខន្តិកៈតាមផ្លូវច្បាប់ ទើបអនុញ្ញាត្តិឲ្យប្រកបវិជ្ជាជីវៈមេធាវីក្នុងសង្គមបាន។ ជាមួយគ្នានោះ លោកចៅក្រម ញូង ធុល ក៏បានប្រកាសទទួលស្គាល់ កម្មសិក្សាមេធាវីចំនួន៥៤រូបនោះ ជាមេធាវីពេញសិទ្ធិក្រោយពីបានស្បថតាមនីតិវិធី។

អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ លោក អ៊ឹម សុផាត ក្នុងសវនាកា ក៏បានមានប្រសាសន៍ថា មិនថាមេធាវី ព្រះរាជអាជ្ញា ឬចៅក្រម ដែលបម្រើក្នុងវិស័យច្បាប់ គឺត្រូវតែរក្សាក្រមសីលធម៌វិជ្ជាជីវៈ និងប្រកាន់យកនូវគុណធម៌ ប្រសិនបើមានចំណេះដឹងហើយ ប៉ុន្តែមិនមានក្រមសីលធម៌វិជ្ជាជីវៈ និងគុណធម៌ប្រៀបដូចជាសត្វតិរច្ឆាន។
លោក អ៊ឹម សុផាន បានមានប្រសាសន៍បញ្ជាក់ទៀតថា “មេធាវីប្រសិនបើមិនគោរពសីលធម៌វិជ្ជាជីវៈនោះទេ វាខ្មាស់ដល់អ្នកផង ក៏ព្រោះតែយើងជាមនុស្សចេះដឹងជ្រៅជ្រះជាងគេ ដូច្នេះមេធាវីម្នាក់ៗត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈទំាងនោះ ហើយក៏ត្រូវគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញាផងដែរ”។

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន ក៏បានមានប្រសាសន៍ថា មេធាវី គឺជាវិជ្ជាជីវៈឯករាជ្យ និងសេរី ហើយបានចូលរួមចំណែកបម្រើឲ្យវិស័យយុត្តិធម៌ និងជួយពង្រឹងប្រព័ន្ធយុត្តិធម៌ក្នុងសង្គម ទោះបីមេធាវីមិនមែន ជាអ្នកកាត់ក្តី តែមេធាវីជាអ្នកជម្រុញការអនុវត្តច្បាប់ឲ្យបានល្អ និងជម្រុញការការពារសិទ្ធិបុគ្គលឲ្យបានល្អ។

លោក ប៊ុន ហុន បានមានប្រសាសន៍បន្តទៀតថា សង្គមបច្ចុប្បន្នប្រសិនបើមាន មេធាវីច្រើនគ្រប់គ្រាន់ នោះធានាឲ្យបានយុត្តិធម៌ជូនសង្គមកាន់តែរឹងមំា បច្ចុប្បន្ននេះ គណៈមេធាវីបាននឹងកំពុងរៀចចំឲ្យវិជ្ជាជីវៈមេធាវីឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ សម្រាប់បម្រើសេវាកម្មច្បាប់ជូនពលរដ្ឋកាន់តែមានប្រសិទ្ធិភាព ហើយជាពិសេសការពង្រឹងយុត្តិមធ៌សង្គមឲ្យកាន់តែរឹងមំា និងពង្រឹងនិតិរដ្ឋ គណៈមេធាវីក៏កំពុងរៀបចំបទបញ្ញាត្តិមួយចំនួនដើម្បីគ្រប់គ្រងវិជ្ជាជីវៈនេះឲ្យបានល្អប្រសើរ មានរបៀបរៀបរយ និងមានទំនុកចិត្តពីសាធារណជនផងដែរ។

សូមបញ្ជាក់ផងដែរ បើតាមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានមេធាវីពេញសិទ្ធិចំនួន៩៨៣រូប ក្នុងនោះមេធាវីដែលប្រកបរបរវិជ្ជាជីវៈមានចំនួន៧៩៤រូប ឯកម្មសិក្សាមេធាវីវិញក្នុងឆ្នាំ២០១៥នេះ មានចំនួន១០៥រូប៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP