CamNews

ព័ត៌មានជាតិ 

ជនបរទេសម្នាក់ ត្រូវជនមិនស្គាល់មុខ វាយសម្លាប់ចោល នៅតាមឆ្នេរមាត់សមុទ្រ

(ព្រះសីហនុ)៖ ជនបរទេសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើឆ្នេរកាំសាប មុខសាលាខេត្ត ព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលតាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះត្រូវជនមិនស្គាល់មុខ វាយសម្លាប់ចោល មិនមែនដេកស្លាប់ដោយសារជម្ងឺអ្វីនោះទេ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅក្បែរសពជនរងគ្រោះ គេបានបានឃើញម៉ូតូ១គ្រឿង ម៉ាក YAMAHA NouVo MX ស្លាកលេខ តាកែវ1A-4858។

ឆ្លងតាមការពិនិត្យរបស់សមត្ថកិច្ច បច្ចេកទេសវិទ្យាសាស្ត្រ និងលោក សែ ជូសិទ្ឋិជាតិ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយអំពើហិង្សាអ្វីមួយ មិនមែនស្លាប់ដោយជម្ងឺឡើយ ក្នុងនោះនៅលើសាកសពមានស្នាមរបួស៣កន្លែង។

បើតាមសមត្ថកិច្ច វត្ថុតាងដែលប្រមូលបាននៅជុំវិញកន្លែងកើតហេតុរួមមាន៖ ដំបងឈើចំនួន៣ដើម (ឈើជ្រុង២ដើម ឈើមូល១ដើម)។

បច្ចុប្បន្នកម្លាំងនគរបាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កំពុងធ្វើការស្រាជ្រាវ រកជនដៃដល់ នៃអំពើឃាតកម្មនេះ រីឯវត្ថុតាងសមត្ថកិច្ចនាំ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។

ដោយឡែក សពជនរងគ្រោះត្រូវបានដឹកយកទៅរក្សាទុក នៅសាលរក្សាសពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh