CamNews

ព័ត៌មានជាតិ 

តុលាការកោះហៅ អ្នកកាសែត និងភ្នាក់ងារ ទូរទស្សន៍ ក្នុងស្រុក រឿងសសេរ វាយប្រហារ ខុសពីការពិត

កំពង់ឆ្នាំង ៖ ប្រភពព័ត៌មានមួយ បានឲ្យដឹងថា  អ្នកសារព័ត៌មាន ចំនួន៣នាក់ រួមមាន លោក ពៅ សុខហ៊ាន អ្នកសារព័ត៌មាន កោះសន្តិភាព និងជាភ្នាក់ងារ យកព័ត៌មានឲ្យ បណ្តាញ ទូរទស្សន៍អប្សរាANN លោក ឈៀង ថារិទ្ធ ភ្នាក់ងារ ទូរទស្សន៍ ហង្សមាស និងជាភ្នាក់ការ កាសែតកម្ពុជាថ្មី  លោក យឹម សុក្ខារិន ទូរទស្សន៍ អប្សរាណេត ត្រូវបាន ស្នងការដ្ឋាន នគរបាលខេត្ត កោះហៅឱ្យចូលខ្លួនទៅបំភ្លឺ តាមដីកាបង្គាប់ ឱ្យសាកសួរលេខ ៨៥/០១៤ ចុះថ្ងៃទី១១ ខែកុម្ភៈ របស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង តាមបណ្តឹងរបស់ លោក លឹម ហាក់ មន្ត្រីកងរាជអាវុធហត្ថ ខេត្ត ប្តឹងជនមិនស្គាល់មុខ ពីបទបង្កាច់បង្ខូច កេរ្តិ៍តាមទូរទស្សន៍ និងសារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ។

មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង លោក លឹម ហាក់ បានឲ្យដឹងថា លោកប្តឹងរកប្រភព ពីសមត្ថកិច្ចណា ដែលផ្តល់ព័ត៌មាន មួលបង្កាច់រូបលោក ដែលចោទថា រូបលោក បានស្ថិតក្នុងការរំដោះយក រថយន្តដឹកឈើ កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។ លោក លឹម ហាក់ បានអះអាងបន្តថា លោកប្តឹងសំដៅ ទៅលើអ្នក យកព័ត៌មាន ដែលសរសេរវាយ ប្រហារលោកខុសពីការពិត ពីព្រោះ នៅពេលកើតហេតុ លោកមិនបាននៅ ក្នុងហេតុការណ៍នោះទេ ដោយនៅវេលាម៉ោង៥ល្ងាច ថ្ងៃកើតហេតុ រូបលោកបានប្រជុំជួរ រៀបចំកម្លាំង នៅទីបញ្ជាការខេត្ត ក្នុងការត្រៀមកម្លាំង ទៅការពារសន្តិសុខ ក្នុងបាតុកម្ម នៅក្នុងភ្នំពេញ រហូតដល់វេលាម៉ោង៩យប់ ថ្ងៃដដែល បំបែកជួរ រួចទៅច្រៀង ខារាអូខេយីហោ៩៨ ។  លោក លឹម ហាក់ បានបញ្ជាក់ថា លោកប្តឹងអ្នកយកព័ត៌មាន ដែលសរសេខុសពីការពិត អាចលើសពីអ្នកទាំង៣ខាងលើ ដោយសុំឲ្យធ្វើជាសាក្សី ចំពោះការមួលបង្កាច់ មកលើរូបលោក។

សូមរម្លឹកថា នៅមុនពេលមាន ការបង្ក្រាប រថយន្ដម៉ាកតាកូម៉ា ពណ៌ខ្មៅ មួយបាំង កន្លះមួយគ្រឿង បានដឹកឈើ ចំនួន៤ដុំ ដោយពីរដុំជាប្រភេទឈើក្ដារ រាជថ្កុល២សន្លឹក និងពីរ ដុំទៀតជាប្រភេទ ឈើដុំធម្មតា ចេញពីភូមិត្រពាំងម្លូ លុះមកដល់ចំណុច ត្នោតមួយដើម ស្រាប់តែមាន កម្លាំងចម្រុះមួយក្រុម ដឹកនាំដោយនាយការិយាល័យក២ យោធាភូមិភាគ ពិសេស ឈ្មោះ ជុំ ណារិន ,នគរបាល សេដ្ឋកិច្ចខេត្ដ ដឹកនាំដោយនាយរង ការិយាល័យ កណ្ដាល ប្រឆាំងបទល្មើស លោក គឹម សារ៉េត និងមន្ដ្រីរដ្ឋបាល ព្រៃឈើខេត្ដ ដឹកនាំដោយ លោក ស៊ិន កុសល ជានាយខណ្ឌ បានប្រើប្រាស់រថយន្ដ ម៉ាកមែកសឺ ដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ខ.ម០២ 2-6385  មកស្ទាក់ចាប់ រថយន្ដខាងលើនេះ ហើយ ខណៈដែល សមត្ថកិច្ចចម្រុះ បាននាំរថយន្ដ ខាងលើ យកទៅកាន់ទីរួមខេត្ដ ស្រាប់តែមាន ប្រជាពលរដ្ឋ លើកគ្នា មករំដោះយករថយន្តទៅបាត់ ។

ពាក់ព័ន្ធទៅនឹងករណីនេះ ក្រុមមន្ដ្រីសមត្ថកិច្ច ដែលជាអ្នកចាប់ បង្ក្រាបបានកំពុងធ្វើការចោទ ប្រកាន់ថា មានក្រុមមន្ដ្រីសមត្ថកិច្ច ដទៃទៀត ជាអ្នកមករំដោះយក រថយន្ដដោយសារតែ ពួកគេគឺជាបក្ខពួករបស់ក្រុម ម្ចាស់រថយន្ដ ដឹកឈើ ហើយមិនតែប៉ុណ្ណោះ អាងមានគ្នាច្រើន ទើបសមត្ថកិច្ច ដែលជាអ្នកចាប់មាន គ្នាតិច មិនហ៊ានតបខ្លាំង ខ្លាចប៉ះទង្គិចគ្នាធ្ងន់ធ្ងរ ។ ប៉ុន្ដែភាគីខាង រថយន្ដដឹកឈើ បានធ្វើការអះអាងថា តាមពិតឈើខាងលើនេះ មិនមែនពួកគេ រកស៊ីជួញដូរអ្វីនោះទេ គ្រាន់តែជាឈើធម្មតា ប្រភេទឈើ រាជថ្កុលតែប៉ុណ្ណោះ ដោយឈើនេះគេបានទិញ ក្នុងតម្លៃតែ៣០ម៉ឺនរៀល ពីប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងម្លូ ស្រុកទឹកផុស ដើម្បីយកមកធ្វើតុ ហូបបាយ នៅនឹងផ្ទះ តែបែរជាពេលដឹក មកសមត្ថកិច្ច ឃាត់ទារលុយ ម្ចាស់ឈើមិនព្រមឱ្យ ព្រោះយល់ថា ជាឈើធម្មតា យកទៅធ្វើតុបាយ ស្រាប់តែ សមត្ថកិច្ចទាំងនោះ ទូរស័ព្ទ ហៅបក្ខពួក និងរាយការណ៍ទៅ ព្រះរាជអាជ្ញា មេព្រៃ ចុះមកចាប់ យកតែម្ដង ដោយម្ចាស់ឈើចោទប្រកាន់ថា មួយយប់ៗឈ្មួញដឹកឈើប្រណីត ល្មើសច្បាប់រាប់សិប គ្រឿង ឆ្លងកាត់ទឹកដីខេត្ដកំពង់ឆ្នាំង កម្រឃើញ សមត្ថកិច្ច ចាប់បានណាស់ គ្រាន់តែខ្លួនដឹកឈើពីរបីដុំជាឈើធម្មតា យកទៅធ្វើតុបាយសោះ បែរ ជាចាប់ទៅវិញ ។

ប្រជាពលរដ្ឋជាម្ចាស់ឈើ រស់នៅក្នុងឃុំពង្រ ស្រុករលាប្អៀរ  បានអះអាងបន្តថា ពេលដែលពួក គាត់មកយក រថយន្តទៅវិញ មិនមានមន្ត្រី សមត្ថកិច្ចណាមក ជួយរំដោះឡើយ ការយករថយន្តទៅវិញនេះគឺ ដោយសារតែ ពួកគាត់គិតថា សមត្ថកិច្ចមិនមានភាព យុត្តិធម៌ចំពោះប្រជាពលរដ្ឋ គ្រាន់តែទិញឈើ បន្តិចបន្តួច យកទៅធ្វើសំភារៈប្រើប្រាស់ ក្នុងផ្ទះបែរជាចាប់ផ្អើលពេញខេត្ត ។  គួរបញ្ជាក់ថា ការបង្ក្រាបរថយន្តតាកូម៉ាដឹកឈើ រាជកុល ចំនួន២សន្លឹក និង២ដុំនេះ បានធ្វើឡើង នៅវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នៅត្រង់ចំណុច ត្នោត១ដើម ក្នុងភូមិសាស្ត្រ ឃុំក្រាំងស្គារ ព្រំប្រទល់ស្រុកទឹកផុស-រលាប្អៀរ  ខេត្តកំពង់ឆ្នាំង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: National News Social news ព័ត៌មានជាតិ