CamNews

ព័ត៌មានជាតិ 

Real Madrid នឹងរៀបចំពេលវេលា ឲ្យកុមារាកំព្រា រងបួសម្នាក់ បានជួបជាមួយ Ronaldo ផ្ទាល់

ព័ត៌មានកីឡា៖ ក្លឹប Real Madrid បានយល់ព្រមទទួលសំណើរ ពីអគ្គរាជទូតរបស់ប្រទេស ប៉ាលេស្ទីន ដើម្បីរៀបចំពេលវេលាមួយ សម្រាប់ផ្ដល់ឱកាសឲ្យកុមារារងគ្រោះ វ័យ៥ឆ្នាំម្នាក់ ដែលត្រូវកំព្រាឪពុកម្ដាយ បងប្អូន ព្រោះហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះសម្បែង បានជួបផ្ទាល់ជាមួយនឹងកីឡាករ Cristiano Ronaldo ផង ខណៈ​​ដែល កុមារកំព្រាម្នាក់នេះ កំពុងតែនៅក្នុងមន្ទីពេទ្យនៅឡើយ។ 

កុមារាវ័យ ៥ឆ្នាំឈ្មោះ Ahmad Dawabsha បានទទួលរងនូវរបួសយ៉ាងធ្ងន់ធ្ងរ​ ក្រោយពីមានហេតុការណ៍អគ្គីភ័យបានឆាបឆេះផ្ទះសម្បែង ស្លាប់អស់មនុស្សជុំវិញខ្លួន ទាំងឪពុកម្ដាយ និងបងប្អូនបង្កើតក្នុងគ្រួសារ ប៉ុន្ដែសំណាងល្អ កុមារារូបនេះត្រូវបានគេជួយសង្គ្រោះទាន់ ចំណែកជនសង្ស័យក្នុងហេតុការណ៍នោះក៏ត្រូវបានឃាត់​ខ្លួនផងដែរ។ 

អ្នកនាំពាក្យរបស់ក្លឹប Real Madrid លោក Raul Serrano Quevedo បានបញ្ជាក់ផងដែរថា ក្លឹបយល់ព្រមទទួល​យកសំណើរពីអគ្គរាជទូតរបស់ប្រទេស ប៉ាលេស្ទីន ដើម្បីរៀបចំពេលវេលា ឲ្យក្មេងប្រុសរងគ្រោះនោះ បានជួបផ្ទាល់ជាមួយ Ronaldo ហើយគ្រប់យ៉ាងក៏កំពុងតែធ្វើការសម្រេចបណ្ដើរៗផងដែរ នៅឡើយចាំមើលថា តើ​ក្មេងប្រុសម្នាក់នោះនិងចេញពីមន្ទីពេទ្យនៅពេលណា។ 

កុមារា Ahmad Dawabsha អាចត្រូវបានគេដឹងថា នឹងត្រូវចំណាយពេលដល់ទៅ ២-៣ខែបន្ដទៀត ទើបអាចចាកចេញពីមន្ទីពេទ្យបាន។ 

Cristiano Ronaldo ក៏ធ្លាប់បានធ្វើការផ្ដល់ឱកាសជួបផ្ទាល់ជាមួយ ជនរងគ្រោះផងដែរ ដូចជា គ្រួសារ​ Osama ​Abdul Mohsen ដែលជាប្រជាជនភៀសខ្លួនរបស់ប្រទេសស៊ីរីយ៉ា ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals


Tags: Sport News Ronaldo