(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានជូនដំណឹងមុននេះបន្ដិចថា ការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា (U-16) និងក្រុមជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំចិន (U-15) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ត្រូវបានលើកពេលហើយ ប៉ុន្ដែអ្នកទិញសំបុត្រហើយ គឺអាចទៅប្ដូរយកថវិកាវិញបាន នៅកន្លែងលក់សំបុត្រនាពហុកីឡដ្ឋានជាតិ។
នេះគឺជាដំណឹងគួរឲ្យសោកស្ដាយមួយ ខណៈសហព័ន្ធមិនបានបញ្ជាក់ពីពេលកាលបរិច្ឆេទប្រកួតជាថ្មីនោះទេ។ ប្រភពព័ត៌មានខាងលើបានសរសេរថា «ដោយសារមានការស្នើសុំពន្យាពេលនៃការប្រកួតពីខាងភាគីស្ថានទូតចិនការប្រកួតមិត្តភាព ដើម្បីអបអរខួបលើកទី៥៨ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន នាថ្ងៃទី១១ ខែកញ្ញាវេលាម៉ោង ៦៖៣០នាទីល្ងាច ររវាងក្រុម U-16 កម្ពុជា និងក្រុម U-15 ចិន គឺត្រូវបានលើកទៅពេលក្រោយ»។
យ៉ាងណាមិញ សហព័ន្ធបានបញ្ជាក់ថា ចំពោះការលើកពេលប្រកួតនេះដែរ សម្រាប់អ្នកគាំទ្រដែលបានទិញសំបុត្រត្រៀមចូលទស្សនារួចហើយ គឺអាចទៅប្ដូរយកលុយវិញ ចាប់ពីថ្ងៃទីច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ។ ដោយឡែកម្មវិធីប្រកួតថ្មី សហព័ន្ធនឹងជូនដំណឹងបន្ដនៅពេលក្រោយ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី