CamNews

ព័ត៌មានជាតិ 

ភ្ញាក់ផ្អើលទូទាំងប្រទេស ទឹកសមុទ្រខេត្តកែប ស្រាប់តែប្រែពណ៌ បណ្តាលឲ្យជីវចម្រុះ ងាប់សន្ធឹក

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខេត្តកែបបានឱ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ ទឹកសមុទ្រនៅខេត្តកែប បានប្រែពណ៌ខុសពីធម្មតា ដោយមានពណ៌ទឹកឡើងលឿង ហើយបណ្តាលឱ្យសត្វសមុទ្រមួយចំនួន ដូចជាក្តាម បង្គារជាដើម ងាប់ជាបន្តបន្ទាប់។ ហេតុការណ៍នេះ បានបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួន មានភាពភ្ញាក់ផ្អើល។

ប្រជាពលរដ្ឋទាំងនោះ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ផ្សេងៗ សម្រាប់ភ្ញៀវទេសចរ ក៏ដូចជា អ្នកទៅកម្សាន្តនៅមាត់សមុទ្រខេត្តកែប ដោយសារតែទឹកសមុទ្រមានក្លិនឆ្អាប ហើយរមាស់។ ពួកគេសង្ស័យថា ទឹកសមុទ្រនេះមានសារធាតុមិនល្អ។

ជុំវិញបញ្ហានេះ អាជ្ញាធរខេត្តកែប បានអះអាងថា មន្ត្រីជំនាញបរិស្ថាន និងមន្ត្រីជលផល កំពុងធ្វើការត្រួតពិនិត្យតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់ ។ ប្រភពខាងលើ បាននិយាយថា ការដែលធ្វើឱ្យទឹកសមុទ្រឡើងពណ៌លឿងពេលនេះ អាចមានប្រភពមកពីតំបន់ព្រែកចាកជិតបង្គោលព្រំដែន៣១៤។

ទោះជាយ៉ាងណា អាជ្ញាធរ មិនទាន់ដឹងថា ទឹកសមុទ្រពណ៌លឿងនេះ មានសារធាតុពុល ឬអត់នោះទេ ដោយអះអាងថា នឹងធ្វើការវិភាគឱ្យបានច្បាស់លាស់៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: social news local news