CamNews

ព័ត៌មានជាតិ 

ជិះម៉ូតូបុក រថយន្តសន្លប់ ជិត១ម៉ោង ទើបមានរថយន្ត សង្គ្រោះទៅដឹក

ភ្នំពេញ : ទិដ្ឋភាពគ្រោះថ្នាក់ ចរាចរមួយ បានកើតឡើង ដោយសារតែ យុវជនម្នាក់ ជិះម៉ូតូមួយ គ្រឿង ក្នុង ល្បឿនជ្រុល ទៅបុករថយន្តច្រាស់ ទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យសន្លប់ ស្តូកស្តឹងនៅនឹង កន្លែង ជិត ១ម៉ោង ប៉ុន្តែពុំមានរថយន្ត មួយណាចេញមកដឹកនោះទេ រហូតដល់ជនរងគ្រោះ ដឹងខ្លួនវិញ ទើប ឃើញ រថយន្ត សង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង មកដឹកយកទៅសង្គ្រោះ ក្រោយមក ទើប ឃើញ រថយន្តរបស់អង្គភាព៧១១ ចេញទៅដល់ដែរ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ ខាងមុខឃ្លាំងឱសថ ក្រសួង សុខាភិបាល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អូន ណាលីន ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ ជាកងសន្តិសុខ នៅក្រុមហ៊ុនឯកជន រស់នៅភូមិ សង្កាត់ កើតហេតុនេះ ជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ គ- ២៣៤៦ ភព1 ជិះម្នាក់ឯង ទិសដៅ ពីជើងទៅត្បូងរងរបួសបែកមុខបែកមាត់ធ្ងន់ធ្ងរ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនលឿនដោយពុំមានពាក់មួកសុវត្ថិភាពនោះទេ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុបើកវ៉ារថយន្តមួយគ្រឿងផ្សេងស្រប់ទិសគ្នា ក៏វ៉ាក់និងរថយន្តមួយគ្រឿងទៀត បើកច្រាស់ទិស គ្នា ជ្រុលចង្កូតទៅបុកយ៉ាងពេញទំហឹងបណ្តាលឲ្យដួលបោកទៅហ្នឹងថ្នល់ផ្កាប់មុខសន្លប់ ហូរឈាម ជោគខ្លួន រីឯរថយន្តដែលម៉ូតូជ្រុលទៅបុកនោះ បានព្យាយាម បើកគេចបាត់។ ក្រោយពេលកើតហេតុ នគរបាល បានចុះទៅដល់កន្លែងជួយធ្វើអន្តរាគមន៍ ប៉ុន្តែដោយក្រុមគ្រួសារជនរងគ្រោះពុំមានការ ប្តឹង ផ្តល់នោះ ក៏ប្រគល់ម៉ូតូទៅឲ្យក្រុមគ្រួសារនៅនឹងកន្លែងកើតហេតុយកទៅរក្សាទុក ។

ប្រជាពលរដ្ឋដែលឈរមើលទិដ្ឋភាពគ្រោះថ្នាក់ចរាចរនោះបាននិយាយថា ជនរងគ្រោះបន្ទាប់ពីជួបគ្រោះ ចរាចរួចហើយ ឃើញថារងរបួសធ្ងន់សន្លប់ឈឹង នៅនឹងកន្លែងកើតហេតុ ហើយប្រជាពលរដ្ឋបាន ព្យាយាម ហៅរថយន្តសង្គ្រោះឲ្យមកដឹកសង្គ្រោះផងដែរ ប៉ុន្តែរហូតដល់ជិត១ម៉ោង ទើបឃើញមាន រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងចេញទៅដឹកជនរងគ្រោះ ហើយបន្តិចក្រោយក៏ឃើញ រថយន្តសង្គ្រោះរបស់អង្គភាព៧១១ ចេញទៅតាមក្រោយផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ