CamNews

ព័ត៌មានជាតិ 

អភិបាល ខេត្តតាកែវ ប្រតិកម្មការអវត្តមាន របស់ប្រធានមន្ទីរ មួយចំនួន ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាខេត្ត

តាកែវ៖ នៅក្នុងកិច្ចប្រជុំ ក្រុមប្រិក្សាខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានប្រតិកម្មទៅនិងការអវត្តមាន នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តតាកែវ ដោយគ្មានមូលហេតុ របស់ប្រធានមន្ទីរមួយចំនួន ចំណុះឲ្យរដ្ឋបាលខេត្តតាកែវ។

ប្រតិកម្មរបស់លោកអភិបាលខេត្ត បានកើតឡើង បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងពាក់ព័ន្ធ ទៅនិងមន្ទីរអភិវឌ្ឍន៍ជនបទ ក៏ប៉ុន្តែលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លីវ សំណាង បែរជាគ្មានវត្តមាននៅក្នុងកិច្ចប្រជុំនេះទៅវិញ។

លោក ឡាយ វណ្ណៈ បានថ្លែងថា « ខ្ញុំបានលើកឡើងពីបញ្ហានេះពីរបីដងហើយ ហើយក៏បានឲ្យខាងរដ្ឋបាលខេត្ត ធ្វើលិខិតអញ្ជើញអស់លោកប្រធានមន្ទីរ ឲ្យចូលរួមប្រជុំក្រុមប្រឹក្សាខេត្ត ឲ្យបានគ្រប់គ្នាៗផងដែរ។ ហេតុអ្វីក៏នៅតែបន្តអវត្តមាន ដោយគ្មានមូលហេតុ!»។

បើតាមលោកអភិបាលខេត្តតាកែវ ប្រសិនបើអស់លោកប្រធានមន្ទីរមួយចំនួន នៅតែបន្តអវត្តមាននៅក្នុងកិច្ចប្រ ជុំក្រុមប្រឹក្សាខេត្តជាលើកទី២ ដោយមិនបានបញ្ជាក់ ពីមូលហេតុច្បាស់លាស់ទេនោះ សាលាខេត្តតាកែវ នឹងចេញលិខិត ព្រមានប្រធានមន្ទីរនោះ ចំឈ្មោះតែម្ដង៕

Photo by DAP-News

Photo by DAP-News

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia takeo