ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រតិកម្មចំពោះលោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានចោទប្រកាន់មកលើ មន្រ្តីមូលដ្ឋានថាដើរយកលុយ ពីម្ចាស់ផ្ទះជួលស្ទើគ្រប់ទីកន្លែង។
សម្ដេចក្រឡាហោម នៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០១៥ នាវិមានរដ្ឋសភា ក្នុងកិច្ចប្រជុំស្ដីពីការពិភាក្សា និងអនុម័តសេចក្ដីស្នើ ច្បាប់ស្ដីពី ភតិសន្យាពិសេសថា លោក សុន ឆ័យប្រហែលជាជាមិនបានមើលសៀវភៅកំណត់តម្លៃសេវារដ្ឋបាលគ្រប់ជ្រុងជ្រោយទេមើលទៅ។សម្តេចក្រឡាហោមស ខេង ថា ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចបានរួមគ្នា ធ្វើសៀវភៅសេវានេះដើម្បីកំណត់ តម្លៃច្បាស់លាស់ហើយ។
សស្តេចក្រឡាហោម ស ខេង ក៏បានទទួលស្គាល់ថា ពិតជាមន្រ្តីនៅតាមមូលដ្ឋានខ្លះមានកំហុសខុសឆ្គងមែន ប៉ុន្តែមិនមែនមន្រ្តីទាំងអស់នោះទេ។
សម្ដេចបានបន្តថា “ ខ្ញុំទទួលស្គាល់ថា អាចនឹងមានបុគ្គល មន្រ្តីរបស់យើងនៅមូលដ្ឋាន មានភាពឆ្គាំឆ្គង ប៉ុន្តែខ្ញុំមិនឯកភាពថា វាយតម្លៃជាទូទៅ ទាំងអស់សុទ្ធតែអសកម្មទេ សុទ្ធតែងាកទារលុយ ទារលុយទេ អញ្ចឹងគឺថាយើងនឹងមើលបញ្ហាឲ្យពិត បើមិនដូច្នោះទេយើង ដោះស្រាយ ក៏វាមិនបានល្អដែរ”។
នៅក្នុងកិច្ចប្រជុំអនុម័តសេចក្តីស្នើច្បាប់នេះ លោក សុន ឆ័យបានលើកឡើងថា មន្រ្តីនៅតាមមូលដ្ឋានតែងតែ មានសកម្មភាព ចុះតាមមូលដ្ឋាន ដោយប្រមូលយកលុយពីម្ចាស់ផ្ទះជួល៕
លោក សុន ឆៃ
សម្ដេចក្រឡាហោម ស ខេង
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល