CamNews

តារា 

សោម ស្រីនាថ ប្រឹង​ច្រៀង​តាម​ហាង​​នៅ​ពេល​​យប់ រក​ប្រាក់​​ព្យាបាល​ជំងឺ​​មហារីកសុដន់​រ​បស់​ម្ដាយ

(ភ្នំពេញ)៖ តារាសម្ដែងស្រីដ៏ស្រស់សោភា កញ្ញា សោម ស្រីនាថ បានបង្ហើបឲ្យដឹងថា នាងបានបន្ថែមការងារច្រៀងតាមហាង នៅពេលយប់មួយទៀត ដើម្បីស្វះស្វែងរកប្រាក់ មកព្យាបាលជំងឺម្ដាយរបស់នាង ដែលកំពុងតែដង្ហោយ រកជំនួយសង្គ្រោះបន្ទាន់ បន្ទាប់ពីស្ថានភាពជំងឺមហារីក ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ និងជួបប្រទះនូវការខ្វះខាតយ៉ាងខ្លាំង។


មិនត្រឹមតែជាតារាសម្ដែងនោះទេ កញ្ញា សោម ស្រីនាថ ក៏ជាតារាបង្ហាញម៉ូដ និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី «ស្រ្តីដើម្បីស្ត្រី»ជាមួយកញ្ញា ដួង ហ្សូរីដា ផងដែរ។ ក្រៅពីមមាញឹកក្នុងអាជីពជាច្រើន កញ្ញា សោម ស្រីនាថ បានទទួលអាជីពជាតារាចម្រៀង ក្នុងភោជនីយដ្ឋាន ក្នុងពេលរាត្រីមួយកន្លែង ក្នុងរាជធានីភ្នំពេញគឺហាង «Mango» ហើយមូលហេតុដែលនាង ត្រូវបន្ទាបខ្លួនច្រៀងក្នុងហាង ពេលយប់នេះ ដោយសារតែនាង ត្រូវការប្រាក់ព្យាបាលម្ដាយនាង ដែលកំពុងមានជំងឺមហារីក សុដន់ធ្ងន់ធ្ងរ បើទោះបីជាធ្លាប់បានឆ្លងកាត់ ការវះកាត់ និងកាត់សុដន់ ចោលម្ខាងហើយក៏ដោយ ក៏នៅតែធ្វើទុក្ខ ពិសេសម្ដាយនាងត្រូវចាក់ថ្នាំ និងបាញ់កាំរស្មី ជារៀងរាល់ថ្ងៃ ដែលត្រូវការប្រាក់ចំណាយច្រើន ក្នុងមួយថ្ងៃៗ។

សប្បុរសជនជាច្រើន ធ្លាប់បានជួយជាថវិកា ដើម្បីព្យាបាលម្ដាយរបស់ កញ្ញា ស្រីនាថ តែហាក់មិនអាចសម្រាលបានច្រើនឡើយ គ្រាន់តែទប់ៗមួយគ្រាៗ ប៉ុណ្ណោះ ទើបនាងប្រឹងប្រែង រកលុយម្នាក់ឯង ខណៈដែលប្អូនប្រុសនាងកំពុងរៀន ហើយឪពុករបស់នាងមានចំណូលទាប ពោលមានតែនាងម្នាក់គត់ បានយិតយោងគ្រួសារបាន ។

សោម ស្រីនាថ ជាតារាសម្ដែងម្នាក់ ដែលមានប្រវត្តិតស៊ូបំផុត ខណៈនាងធ្លាប់ជិះម៉ូតូអាគុបរបស់នាង ទៅដើរម៉ូដ កណ្ដាលយប់អាធ្រាត្រ ក៏នាងទៅដែរសំខាន់ គឺរកលុយដើម្បីគ្រួសារនាង ហើយនាងមិនព្រមធ្វើរឿង ដែលមិនត្រឹមត្រូវយកលុយមកចិញ្ចឹមគ្រួសារនោះទេ ខណៈដែលតារាមួយចំនួនមានជីវភាព ល្អប្រសើរ ដោយតែមានគេចិញ្ចឹមបីបាច់ តែនាងប្រឹងប្រែងដោយភាពថ្លៃថ្នូរ ទោះបីត្រូវគេសើចចំអកនាងក៏ដោយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Som sreyneth