ខ្សែភាពយន្ដភាគថ្មី ដែលចាក់បញ្ចាំងថ្ងៃសុក្រ-សៅរ៍ របស់ផលិតកម្ម SBS រឿង “Taxi Driver” បានបញ្ចេញរូបថតដំបូងរបស់តារាស្រី Pyo Ye Jin ក្នុងតួអង្គគួរឱ្យចាប់អារម្មណ៍មួយ ។
ខ្សែភាពយន្ដ ដែលសម្ដែងដោយតួល្បីៗ Lee Je Hoon, Esom, និង Kim Eui Sung រឿង “Taxi Driver” គឺនិយាយអំពី សេវាកម្មតាក់ស៊ីដ៏អាថ៌កំបាំងមួយឈ្មោះ Rainbow Taxi ដែលសងសឹកជំនួសក្រុមមនុស្សស្លូតត្រង់ ដែលមិនអាចទទួលបានជំនួយពីច្បាប់ ។ ខ្សែភាពយន្ដនេះ ដឹកនាំសម្ដែងដោយលោក Park Joon Woo និងនិពន្ធដោយលោក Oh Sang Ho ។
តារាស្រីស្រស់សោភា Pyo Ye Jin នឹងសម្ដែងជាតួអង្គ Go Eun ដែលកាន់តំណែងតួនេះជំនួសតារាស្រី Naeun កាលពីខែមេសា ក្រោយពីនាងត្រូវបានដកចេញពីភាពយន្ដរឿងនេះ បន្ទាប់ពីមានការចោទប្រកាន់ថា នាងមានអត្ដចរិតកម្រោលចូល(bullying) ។ តួអង្គ Ahn Go Eun តម្រូវឱ្យធ្វើជាអ្នកកត់ត្រាបញ្ជីធម្មតាម្នាក់ នៅក្រុមហ៊ុនផ្ដល់សេវាតាក់ស៊ីមួយកន្លែង ប៉ុន្ដែតាមការពិត នាងគឺជាហេកខ័រ(hacker) ដែលក្លាយជាត្រចៀកច្រមុះរបស់ក្រុមបុគ្គលិកបើកតាក់ស៊ី ខណៈពួកគេអនុវត្ដបេសកម្មសងសឹក ។
បុគ្គលិកផលិតកម្មថ្លែងថា ៖ “ក្រុមអ្នកដឹកនាំថតទាំងអស់ មានការចាប់អារម្មណ៍ខ្លាំង ពីរបៀបសម្ដែងដ៏ល្អឥតខ្ចោះរបស់តារាស្រី ក្នុងតួអង្គនេះ តាំងពីចាប់ផ្ដើមថតលើកដំបូង ។ នាងបានតាំងចិត្ដសម្ដែងចូលតួទាំងកាយ និងចិត្ដ ដូច្នេះសូមរង់ចាំទស្សនា ពីសមត្ថភាពសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដភាគនេះ” ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Soompi