ព័ត៌មានកំសាន្ត ៖ បុរសសង្ហាលោក G-Davit ដែលទើបតែត្រូវបានទម្លាយអំពីប្រវត្តិរូបសង្ខេបខ្លះរបស់លោកនៅក្នុងបទសម្ភាស៍មួយនៅក្នុងស្ថានីយ៍ទូរទស្សន៍ PNN បានឲ្យដឹងថា លោក ងួន ចាន់ដេវីត ដែលប្រជាជនកម្ពុជានិយមហៅឈ្មោះមួយទៀតថា (G-Davit) គាត់មិនត្រឹមតែសិល្បករម្នាក់ដែលមានមុខមាត់ស្រស់ស្អាតនោះទេ លោកថែមទាំងជាកូនខ្មែរម្នាក់ដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ និងសម្លេងល្អ ពូកែនៅក្នុងការរ៉េប និងនិពន្ធថែមទៀតផង ។ លោក ងួន ចាន់ដេវីត ត្រូវបានគេទទួលស្គាល់ថា ដៃគូចម្រៀងជាមួយនឹងតារាស្រីសម្លេងមាស គឺអ្នកនាង ពេជ្រ សោភា ។
គួររំលឹកឲ្យដឹងថា ម្ចាស់បទ "រាំញីកែងជើង" G-Davit ត្រូវបានទម្លាយប្រវត្តិរូបសង្ខេបរបស់ខ្លួនផ្ទាល់នៅក្នុងបទសម្ភាស៍មួយកាលពីពេលថ្មីៗនេះថា មុនពេលដែលគាត់ចូលខ្លួនប្រឡូកនៅក្នុងវិស័យសិល្ប លោកគឺជាបុរសម្នាក់ដែលមកពីគ្រួសារដែលក្រីក្របំផុត សូម្បីតែផ្ទះសម្បែងផ្ទាល់ខ្លួនក៍គ្មានដែរ លោក និងក្រុមគ្រួសារបានសូមស្នាក់អាស្រ័យជាមួយសាច់ញ្ញិតដែលត្រូវជាអ៊ុំបង្កើត ។ ហើយលោកត្រូវបង្ខំចិត្តឈប់រៀនដើម្បីមកទីក្រុងភ្នំពេញ រកកំរៃផ្តត់ផ្គង់ឲ្យប្អូនស្រីរៀនបន្ត ។ ហើយក្រោយមកលោកក៍បានក្លាយជាអ្នកបញ្ចូលបទភ្លេងនៅឯផ្សារឃ្លាំងរំសេដ បន្ទាប់មកទៀត លោក G-Davit ក៍បានជួបជាមួយនិងតារាចម្រៀង ពេជ្រ សោភា ដែលអ្នកនាងមានចិត្តសន្តោន មេត្តាប្រណីដល់រូបលោក និងបណ្តុះបណ្តាល ម្ចាស់បទ "រាំញីកែងជើង" រូបនេះឲ្យមានកេរ្តិ៍ឈ្មោះល្បីមកទល់សព្វថ្ងៃនេះ ។
លោក ងួន ចាន់ដេវីត បានបន្ថែមទៀតថា កាលពីដំបូងឡើយលោក ត្រូវបានគេយល់ច្រលំថា ជាបុរសម្នាក់ដែលមកពីគ្រួសារត្រកូលអភិជន ឬ អ្នកមានទ្រព្យស្តុកស្តុម ប៉ុន្តែអ្វីដែលជាការនោះ វាគឺជាអ្វីដែលលោកបានរៀបរាប់ខាងលើនេះចឹង លោកគឺជាបុរសម្នាក់ដែលមកពីគ្រួសារក្រីក្របំផុត តែដោយសារតែការតស៊ូ មិនមានបាក់ទឹកចិត្តរបស់លោក បានធ្វើឲ្យលោកទទួលបានជោគជ័យមកដល់ពេលនេះ ។ ហើយលោក ងួន ចាន់ដេវីត អាចនិយាយបានថា លោកគឺជាបុរសម្នាក់ដែលមានការតស៊ូច្រើន ហើយក៍ជាយុវជនគំរូម្នាក់ដែលអាចធ្វើឲ្យកូនខ្មែរ ជំនាន់ក្រោយៗយកគំរូតាម និងមានការតស៊ូ អត់ធ្មត់ ព្យាយាម និងស្វែងរកជោគជ័យដូចជារូបលោកយ៉ាងចឹង ៕
ដោយ ៖ គន្ធា
ប្រភព ៖ PNN Channel