CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ទំលាយអាថ៌កំបាំង ក្នុងបេះដូងអំពី ការផ្ទៀងផ្ទាត់ផែនទី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០១៥ បានទំលាយអាថ៌ កំបាំងក្នុងបេះដូងសម្តេច ពាក់ព័ន្ធនឹងជីវិតនយោបាយចុងក្រោយ ជាមួយនឹងការលាលែងចេញពីតំណែងនាយក រដ្ឋមន្រ្តី ហើយហ៊ានដើរចូលពន្ធនាគារដោយខ្លួនឯង ប្រសិនបើការផ្ទៀងផ្ទាត់ផែនទីដើមរបស់កម្ពុជា ដែលខ្ចីពីអង្គ ការសហប្រជាជាតិ និងពីបារាំង និងផែនទីផ្លូវការរបស់កម្ពុជាមិនដូចគ្នាទេនោះ និងទុកលទ្ធភាពឲ្យគណបក្សប្រជា ជនកម្ពុជា ជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តីថ្មីជំនួសសម្តេច។

ការថ្លែងរបស់សម្តេច បានធ្វើឡើងនៅក្នុងបទអន្តរាគមន៍ពិសេសមួយ ដែលត្រូវបានចាក់ផ្សាយទាំង​ស្រុង​តាម កញ្ចក់ទូរទស្សន៍ជាតិកម្ពុជានាល្ងាចថ្ងៃអង្គារ នេះ។

សម្តេចបានបង្ហើបថា សូម្បីតែភរិយា កូនៗ ក្រុមគ្រួសារ និងមន្រ្តីជំនិតៗ របស់សម្តេច និងគណបក្សប្រជាជនកម្ពុ ជា ក៏មិនបានដឹងដែរ ក្រៅតែពីខ្លួនសម្តេចផ្ទាល់តែមួយគត់ ដែលបានតាំងចិត្តខ្លួនឯងជាស្រេចហើយថា ប្រសិនបើ ការផ្ទៀងផ្ទាត់ផែនទីមិនដូចទៅនឹងផែនទីផ្លូវការរបស់កម្ពុជាទេនោះ សម្តេចនឹងធ្វើតាមការតាំងចិត្តរបស់ខ្លូន។

សម្តេចបានហៅ ការប្តេជ្ញាចិត្តនេះ គឺជាការទទួលខុសត្រូវខ្ពស់បំផុតរបស់សម្តេច នៅក្នុងកិច្ចខិតខំប្រឹងប្រែងឥត ងាករេក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា។

បន្ថែមលើសពីនេះ សម្តេចក៏បានអំពាវនាវឲ្យមេដឹកនាំគណបក្សប្រឆាំង ចេញមុខទទួលខុសត្រូវចំពោះការនិយាយ និងការឃោសនាអកុសលមួយចំនួនជុំវិញបញ្ហាព្រំដែន ជាពិសេសជាមួយប្រទេសវៀត​ណាម ឬយ៉ាងហោចណាស់  សុំឲ្យអ្នកនយោបាយទាំងនោះទទួលខុសត្រូវផ្នែកសីលធម៌និងសុំទោសជាសាធារណៈផងដែរ។

សម្តេច ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ប្តេជ្ញា កសាងខ្សែបន្ទាត់ ព្រំដែនឲ្យចប់ជាស្ថាពរ និងអចិន្ត្រៃយ៍ ប្រកបដោយភាពច្បាស់លាស់ត្រឹមត្រូវ សន្តិភាព មិត្តភាព សហប្រតិបត្តិការ  និងអភិវឌ្ឍន៍ ហើយធានាថា ដែនដីខ្មែរមិនបាត់បង់ឡើយ សូម្បីមួយមីល្លីម៉ែត្រក្រឡា។

- សម្តេចប្រកាសប្រឆាំងអ្នកនយោបាយទាំងឡាយណា ដែលមិនឲ្យសម្តេចបានសុខ

ដោយធ្វើនយោបាយក្នុងការផ្សះផ្សារ និងយោគយល់គ្នារបស់សម្តេច ហ៊ុន សែន នាពេលកន្លងមក នាពេលនេះ  សម្តេច ហ៊ុន សែន បានប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលកម្ពុជា និង រូបសម្តេចផ្ទាល់ និង មិនអត់ឱនឲ្យ អ្នកនយោបាយ ឬក្រុមទាំងឡាយណា ដែលតាមចងអាឃាត មិនចេះចប់ មិនចេះហើយ ចំពោះសម្តេច ទោះក្នុង តម្លៃណា ក៏ដោយចុះ។

សម្តេចបានលើកឡើងនូវសុភាសិតមួយឃ្លាថា «ការអត់អោនឲ្យសត្រូវខ្លួនឯងប្រៀបបានទៅនឹងការដាក់ទណ្ឌកម្ម ខ្លួនឯងយ៉ាងដូច្នោះដែរ»។

សម្តេច ហ៊ុន សែន បានរំលឹកផងដែរថា សម្តេចបានអនុគ្រោះច្រើនពេកហើយ ចំពោះដៃគូរបស់ខ្លួន ដែលប៉ង កម្ចាត់រូបសម្តេច ជាពិសេសនៅក្រោយពីការអត់ឱន និងអន្តរាគមន៍លើកលែងទោសដៃគូបក្ខដិបក្ខ ដែលតែងតែ បន្តមហិច្ឆតា របស់ពួកគេដដែល ប៉ុន្តែប្រការនេះ សម្តេច បានហៅការអត់ឱនរបស់សម្តេចថា ជាការយល់ឃើញ មួយបែបរបស់ខ្លួននាពេលអតីតកាលប៉ុណ្ណោះ។

យ៉ាងណាក៏ដោយអំណេះតទៅនាយករដ្ឋមន្រ្តី ដែលកាន់អំណាចជាង៣ទសវត្សរ៍រូបនេះ នឹងមិនអត់ឱនតទៅទៀត នោះទេ ជាមួយនឹងការអំពាវនាវឲ្យសមត្ថកិច្ចទាំងអស់របស់ប្រទេសកម្ពុជាធ្វើការចាប់ឃាត់ខ្លួនជាបន្ទាន់ ចំពោះជន ទាំងឡាយណាដែលនិយាយអំពីផែនទីចោរ ឬផែនទីក្លែងក្លាយ។

សម្តេចបានបន្តថា «បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកឯងសុខវិញដែរ»។

- សម្តេចតេជោ ទម្លាយសាររបស់លោក សម រង្ស៊ី ដែលផ្ញើឲ្យសម្តេច ជុំវិញការធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញ

សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយឲ្យដឹងផងដែរ នូវគំនិតពុតត្បុតរបស់លោក សម រង្ស៊ី ដែលធ្វើឲ្យមហាជន មួយចំនួនមានការភ័ន្តច្រឡំ និងថ្កោលទោសទៅក្រុមស្រាវជ្រាវឯករាជ្យ នៃការផ្ទៀងផ្ទាត់ផែនទីជុំវិញ ការធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញ។

សម្តេចបានអានសារទាំងស្រុងរបស់លោក សម រង្ស៊ី ដែលបានបបួលសម្តេចក្នុងការធ្វើវិសោធនកម្មមាត្រា២នេះ  ដែលនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោក សម រង្ស៊ី ហើយសម្តេចបានឆ្លើយតបទៅវិញថា វាមិនទាន់ចាំបាច់នោះ ទេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP