CamNews

ព័ត៌មានជាតិ 

Update: ជនរងគ្រោះ​ដែលត្រូវក្រុម​ចោរប្លន់​ដល់មុខផ្ទះ ហើយ​បាញ់ប្រហារ​នៅបានស្លាប់​ចោលគូដណ្តឹង​ហើយ

(ភ្នំពេញ)៖ បុរសម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ មាននារីម្នាក់ត្រូវជាគូដណ្តឹង ដែលត្រូវក្រុមចោរតាមប្លន់ដល់មុខផ្ទះ ហើយបើកការបាញ់ប្រហារ ស្ថិតនៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមននោះ បានស្លាប់ហើយ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ។

នៅព្រឹកថ្ងៃដដែលនេះ នៅកន្លែងកើតហេតុ គេសង្កេតឃើញវត្តមាន លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សុង លី ស្នងការរងនគរបាល បានដឹកនាំមន្រ្តីនគរបាលជំនាញមួយក្រុម ចុះទៅសួរនាំបន្ថែមពីករណីប្លន់បាញ់ប្រហារខាងលើនេះ។

សូមបញ្ជាក់ថា ជនរងគ្រោះ៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារតែជនសង្ស័យបានប្លន់ និងបាញ់ប្រហារដល់មុខផ្ទះ នាម៉ោង២រំលងអាធ្រាត្រ​ថ្ងៃទី២១​ ខែមករាឆ្នាំ​២០១៧​ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជិតផ្សារទំនើបសុវណ្ណា។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាព ទៅឆក់កាបូប និងទូរស័ព្ទ ជនរងគ្រោះជានារីម្នាក់ ពេលចុះបើកទ្វារ ស្រាប់តែពេលនោះ ជនរងគ្រោះម្នាក់ទៀតដែលនៅក្នុងរថយន្ត ត្រូវជាគូដណ្តឹង បានបើកបុកធ្វើឲ្យជនសង្ស័យខឹង ក៏បើកការបាញ់ប្រហារតែម្តង បណ្តាលឲ្យរងរបួសទាំង៣នាក់។

ជនរងគ្រោះ ជិះរថយន្តសេរីទំនើប១គ្រឿងម៉ាក Lexus​ ពណ៌សស្លាកលេខភ្នំពេញ 2AI-8799​ ចេញមកពីក្លឹប Epic មកផ្ទះ។

បន្ទាប់ពីបាញ់ឲ្យរងរបួសហើយ ជនរងគ្រោះទាំង៣ត្រូវបានបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីជួយសង្គ្រោះអាយុជិវិតផងដែរ​។

ជាមួយគ្នានេះ ​ ស្រ្តី២នាក់ពេលកំពុងបើករថយន្តចេញពីក្លឹប Mango លុះមកដល់ជិតធនាគារកាណាឌីយ៉ាកែងចូលទៅផ្សារអូរឡាំពិក ខណ្ឌ៧មករា ស្រាប់តែត្រូវខ្មាន់កាំភ្លើង២នាក់ បើកម៉ូតូដេញបាញ់ប្រហាររហូត៥គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល នាយប់រំលងអាធ្រាត្រាចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ករណីនេះអាចផ្តើមចេញពីរឿងគំនុំ ក៏ដោយសារតែក្រុមខ្មាន់កាំភ្លើង ក្រោយបាញ់ប្រហារហើយ បានបើកម៉ូតូគេចខ្លួនបាត់ មិនបានប្លន់យកទ្រព្យសម្បត្តិនោះទេ។

នារីរងគ្រោះម្នាក់ឈ្មោះ​ស៊ន បូលីន អាយុ២៨ឆ្នាំដែលរងរបួសស្រាល នៅក្នុងនៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើនេះ បានប្រាប់ភ្នាក់ងារ Fresh News ថាមុនកើតហេតុ ពួកគេទាំង២នាក់បានបើកឡានមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2X-8883ចេញពីក្លឹបកំសាន្ត Mango នៅក្នុងខណ្ឌចំការមនគោលបំណងទៅផ្ទះ។

នារីរងគ្រោះបានបន្តទៀតថា ខណ:ដែលកំពុងបើករថយន្តតាមមហាវិថីព្រះសីហនុលុះបើកមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់​ជិះម៉ូតូ១គ្រឿង​មិនចាំម៉ាកបានធ្វើការបាញ់ប្រហារមកលើរថយន្តពួកគេខាងលើបណ្តាលរងបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

បន្ទាប់ពីបាញ់រះហើយ នារីរងគ្រោះទាំង២នាក់ បានព្យាយាមបើករថយន្តរត់ តែខណ:កំពុងបើករថយន្តរត់បានប្រមាណជា៣០០ម៉ែត្រ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ មិនអស់ចិត្តបានជិះម៉ូតូតាមបាញ់រះមកលើរថយន្តម្តងទៀត​រួចហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

បន្ទាប់ពីជនសង្ស័យចេញទៅបាត់នារីរងគ្រោះទាំង២ខាងលើបានបើករថយន្តទៅមន្ទីរពេទ្យកាល់ម៉ែតដោយខ្លួនឯងដើម្បីឲ្យពេទ្យព្យាបាលរបួស។សម្រាប់ករណីបាញ់ប្រហារទាំង២នេះ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនបង្ក៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news