ភ្នំពេញ៖ បុរសជាប់ចោទ ចំនួន២នាក់ ក្នុងនោះ ម្នាក់គឺជាអ្នកបកប្រែ ភាសាចិន និង ម្នាក់ទៀត ជាអ្នក ចិញ្ចឹមមាន់លក់ កាលពីព្រឹកថ្ងៃអង្គារ៍ ទី ២១ ខែមេសា ឆ្នាំ ២០១៥នេះ ត្រូវបាន សាលាដំបូង រាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ និង កាត់ទោស ពីបទ «ជួញដូរគ្រឿងញៀន» ជាង ១គីឡូក្រាម ដែលប្រព្រឹត្តនៅ ក្នុងចំណុច ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីឆ្នាំមុន។
លោកឆែ វីរៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ទាំង២នាក់នេះ មានឈ្មោះ ទី ១- រស់ សំអាត ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅ ក្នុងចំណុចទីតាំងខាងលើ និង ទី២-ឈ្មោះ សេង មៀន ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅ សង្កាត់ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។
ជនជាប់ទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការ បទ«ជួញដូរដោយខុសច្បាប់ នូវសារធាតុ ញៀន» និងត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ច នគរបាល មន្ទីរប្រឆាំងគ្រឿងញៀនក្រសួង មហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៤ នៅចំណុច ផ្ទះជួល មួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូត បានថ្នាំញៀនប្រភេទមេតំហ្វីតាមីន ចំនូនជាង ១ គីឡូក្រាមពីពួកគេ។
សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រម លើសំណុំរឿងក្តីនេះនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៥ ខាងមុខនេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល